ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ជម្រើសជាតិ​៧​ប្រភេទ​កីឡា ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ថ្ងៃ​ដំបូង​

83

 

​ភ្នំពេញ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជូន​ថ្នាក់ដឹកនាំ មន្ត្រី​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​បាន​រយៈពេល​៣​ថ្ងៃ សម្រាប់​នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា នេះ​ជាការ​កិច្ចការ​ចាំបាច់​បំផុត ដែល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​នេះ​។​
ការចាក់​វ៉ាក់សាំង​នេះ​បាន​ធ្វើជា​បន្តបន្ទាប់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​រហូតដល់​ពេលនេះ​មាន​ចំនួន​ច្រើនជាង ៦​ម៉ឺន​នាក់​ហើយៗ​នៅថ្ងៃនេះ កំពុង​បន្ត​ដាក់ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ ត្រៀម​ប្រកួត និង​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ឆ្នាំ​២០២១​។
​សម្តេច​ពិជ័យ​សេនា​មានប្រសាសន៍​ទៀតថា យុទ្ធនាការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជូន​ដល់​ផ្នែក​កីឡា​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុខមាលភាព​សង្គមជាតិ​យើង​ផង ក៏ដូចជា​បង្កើនបាន​សុវត្ថិភាព​ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ការបន្ត​ការហ្វឹកហាត់ ការប្រកួត​នៅក្រៅ​ប្រទេស​ផង​។ សម្តេច​ពិជ័យ​សេនា​ក៏​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ​រួចរាល់​ហើយ​ដែរ រួមទាំង​កងយោធពល​ខេមរភូមិន្ទ​ជាង​៦​ម៉ឺន​នាក់ ដោយ​ទទួលបាន​នូវ​សុខភាព​ធម្មតា និង​លទ្ធផល​ល្អប្រសើរ​ទៀតផង​។​
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC គូស​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃទី​២​មីនា​នេះ ក្រុម​កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រី​កីឡា​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​បាន​ជាង​២០០​នាក់​ហើយៗ​ហើយ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នេះ​នឹង​បន្ត​ចាក់​បន្ថែមទៀត ដោយ​ក្នុង​១​ថ្ងៃ​ចាក់​ឲ្យ​បាន​៥០០​នាក់ ឬ​អាច​បញ្ចប់​ការចាក់​រយៈពេល​ពីរ​ថ្ងៃ​តែម្តង​។ តាម​ការចង្អុលបង្ហាញ​ពី​លោ​កម​បណ្ឌិត​ថោង ខុន អនុប្រធាន​អចិន្ត្រយ៍ CAMSOC បាន​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត និង​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រី​កីឡា​ទាំងអស់​ទទួលបាន​នូវ​ភាពកក់ក្តៅ សប្បាយរីករាយ និង​មាន​មោទនភាព​ណាស់​ចំពោះ​ការអញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​ការលើកទឹកចិត្ត​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ ជាមួយគ្នា​នោះ​សម្តេច​ប្រធាន CAMSOC ក៏បាន​ណែនាំ​ឲ្យ​ខិតខំ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​គឺ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ ដែល​ស្ថិតនៅក្រោម​អាយុ​១៧​ឆ្នាំ និង​១៨​ឆ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រចាំការ​នៅទីនេះ​។ លោក ចំរើន បន្ថែមថា «​យើង​នឹងធ្វើ​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែមទៀត ដើម្បី​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទាំង​ក្រុម​អ្នក​សម្តែង ទាំង​ក្រុម​សិល្បៈករ ត្រៀម​ទៅ​ទទួល​ទង់ ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ ក៏ត្រូវ​នឹង​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ​នៅទីនេះ​ដែរ​។ នេះ​ជា​ជំហាន​ដំបូង​នៃ​ចំនួន​ជាង​១០០០​នាក់ ហើយ​នៅពេល​ខាងមុខ​យើង​នឹង​បន្ត​ការចាក់​នេះ​សម្រាប់​ក្រុម​ត្រៀម​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ​។​
​សូម​បញ្ចា​ក់ថា តាម​កម្មវិធី​គ្រោងទុក​មាន​រយៈពេល​៣​ថ្ងៃ សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជំហាន​ដំបូង​នេះ គឺមាន​ចំនួន​សរុប ១០៥១​នាក់​៕​

 

អត្ថបទដែលជាប់ទាក់ទង