ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទអន្តរាគមន៍របស់ តំណាងអចិន្ដ្រៃយ៍កម្ពុជា ឆ្លើយតប ទៅនឹងគណនី:ប្រតិភូសហភាពអុឺរ៉ុប និងបារាំង

53

 

ទីក្រុងហ្សឺណែវ ៖ បទអន្តរាគមន៍ របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ដ្រៃយ៍កម្ពុជា អាន សុខឃឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របៀបវារៈទី២ : កិច្ចពិភាក្សាទូទៅ -សិទ្ធិឆ្លើយតប ទៅនឹងគណនី:ប្រតិភូសហភាពអុឺរ៉ុប និងបារាំង -ថ្ងៃទី២ ខែមិនា ឆ្នាំ ២០២១ ទីក្រុងហ្សឺណែវ។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានមានប្រសាសន៍ថា គណៈប្រតិភូយើងខ្ញុំសូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូសហភាពអឺរ៉ុប និងបារាំង។

កម្ពុជាគាំទ្រនិងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនា ដែលផ្អែកលើការពិត និងវាយតម្លៃលើប្រទេស នីមួយៗ ដោយប្រុងប្រយ័ត្ន សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង មិនធ្វើនយោបាយូបនីយកម្ម និងផ្អែកលើប្រភពព័ត៌មានដែលបានផ្ទៀងផ្ទាត់ ។

យើងខ្ញុំកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំងចំពោះគណៈប្រតិភូខាងលើ ដែលមិនបាន ពិគ្រោះឱ្យបានពេញលេញជាមួយ “ឯកសារស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ដែលស្ថាន បេសកកម្មកម្ពុជាបានផ្តល់ជូនកន្លងមក។ ឯកសារដ៏សំខាន់នេះបានរំលេចនូវឧត្តមានុវត្តន៍ របស់កម្ពុជា លើទិដ្ឋភាពជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស រួមមាន កិច្ចសហប្រតិបត្តិការស្ថាបនា របស់កម្ពុជាជាមួយនឹងយន្តការសិទ្ធិមនុស្សទាំងអស់ និងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជា ដែលបច្ចុប្បន្នមានចំនួនឆ្លងមិនដល់ ១.០០០ ករណ៏ ហើយគ្មានអ្នកស្លាប់ និងគ្មាន ការបិទប្រទេស។

ការចោទប្រកាន់ថាលំហនយោបាយត្រូវបានរឹតត្បិត ពុំត្រឹមត្រូវទេ ព្រោះអតីតអ្នកនយោបាយ ពីបក្សប្រឆាំងចំនួន១៤រូប បានទទួលការផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ ដោយ ខ្លះបានចូលរួមជីវភាពជាមួយគណបក្សមានវត្តមានស្រាប់ ហើយ ខ្លះបានបង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ។ ផ្ទុយទៅវិញ លំហនយោបាយបើកទូលាយទាំងនេះបែរជាត្រូវបានរាំងខ្ទប់ដោយថ្នាក់ដឹកនាំ បក្សប្រឆាំងខ្លួនឯងទៅវិញ ដោយបានប្រកាសជាសាធារណៈចាត់ទុករាល់សមាជិកទាំងឡាយ ណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺជា “ជនក្បត់ ”។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាលចំនួន ១៥ ផ្សេងទៀត គឺជាឧទាហរណ៍មួយទៀតនៃប្រព័ន្ធពហុបក្ស នៅកម្ពុជា ដែលជាកិច្ចប្រឹងប្រែងបន្តលើកកម្ពស់តម្លាភាព យុត្តិធម៌សង្គម និងសេវាសាធារណៈ។

សវនាការលើករណី លោក កឹម សុខា ដែលបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងការចូល រួម ត្រូវបានផ្អាកតបតាមសំណើរបស់មេធាវីការពារជនជាប់ចោទ ដោយមូលហេតុការរាតត្បាត នៃជំងឺកូវីដ១៩។ កាលបរិច្ឆេទបើកសវនាការឡើងវិញនឹងត្រូវសម្រេចទៅតាមឆន្ទានុសិទ្ធ របស់តុលាការឯករាជ្យ ដោយពិចារណាលើកង្វល់នៃជំងឺរាតត្បាតដែលកំពុងកើតមាន និង ការផ្តល់អាទិភាពលើសំណុំរឿងព្រហ្មទណ្ឌដែលមានការឃុំខ្លួនបណ្តោះអាសន្ន។

ការជំនុំជម្រះដែលមានជនជាប់ចោទច្រើនគឺជាប់ពាក់ព័ន្ធនឹង ផែនការផ្តួលរំលំនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៩” ដែលជាព្រឹត្តិការណ៍មានទ្រង់ទ្រាយជារដ្ឋប្រហារ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ ពេលវេលា។ គម្រោងនោះត្រូវបានរៀបចំឱ្យប្រព្រឹត្តឡើង ដោយ ទណ្ឌិត សម រង្ស៊ី ដែលត្រូវ បានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឡើងថ្លែងថ្កោលទោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ចំពោះការប្រើប្រាស់សម្តីបរិហារកេរ្តិ៍ និងញុះញង់ឱ្យផ្ដួល រំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ករណីខាងលើនេះពុំមែនជាបញ្ហាសិទ្ធិមនុស្សនោះទេ តែ ជាការអនុវត្តច្បាប់ ដើម្បីធានាសន្តិសុខជាតិ ស្របតាមមាត្រា៤៥១ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ របស់កម្ពុជា។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ រួមទាំងមានសិទ្ធិទទួលបាន មេធាវីការពារ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវការជំនុំ ជម្រះស្របតាមច្បាប់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គល ណាម្នាក់ធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទ ល្មើស ហើយមិនអាចប្រើប្រាស់ជាទឡឺករណ៍សម្រាប់គោលបំណងផ្សេងបានឡើយ។ បើគេ ចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិតសេរីភាព គឺជាការបន្ទាបតម្លៃនៃគោលការណ៍ នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់។

ចុងបញ្ចប់ ការតស៊ូមតិគាំពារសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គេមិនត្រូវប្រើប្រាស់បញ្ហាសិទ្ធិមនុស្សជាអាវុធនយោបាយវាយប្រហារប្រទេសផ្សេង ជាមួយនឹង ស្តង់ដារពីរឡើយ ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវបរិយាកាសនៃការទុកចិត្ត និង ភាពជឿជាក់បានរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុង្គឧត្តមមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង