ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជាង៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ ទទួលបានសាច់ជ្រូកនិងអង្ករពីសម្តេចតេជោ

56

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៣០០នាក់ដែលបាននិងកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៃជំងឺកុដ១៩ នៅតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យបានទទួលសាច់ជ្រូកនិងអង្ករពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

   ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ មិនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមវត្តមានលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្រុមការងារបានដាក់សាច់ជ្រូកនិងអង្ករជាកញ្ចប់ហើយទើបបានអញ្ជើញមកបងប្អូនមកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំអោយមានការឆ្លងបន្តនៃជម្ងឺនេះ។

  លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមនិងសាច់ជ្រូកចំនួន២គីឡូក្រាម។

  លោកឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ។សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភសម្តេចមិនទុកអោយបងប្អូនស្លាប់ដោយការអត់បាយនោះទេ

  មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានអោយដឹងថារដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័ក ចំនួន០១ មានអ្នកជំងឺស្នាក់នៅព្យាបាលចំនួន ៥៤នាក់(គិតត្រឹមថ្ងៃទី០២មិនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ចំនួន ០៥ទីតាំងស្មើ៤៧០នាក់ ក្នុងនោះបរទេស៣៤នាក់ ក្នុងចំនួននេះបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗក្នុងរាជធានីភ្នំពេញ ចំនួន០៦នាក់ បរទេស០៤នាក់ ។ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចតាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ខាងលើនេះ មានចំនួន៣៣១នាក់ ស្មើនឹង១៣១គ្រួសារ ។ពួកគាត់ជាប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ក្នុងចំនួនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានចំនួនប្រជាពលរដ្ឋ៩២នាក់ បានធ្វើតេសសំណាកចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕

 

អត្ថបទដែលជាប់ទាក់ទង