ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស សុខា បើកកិច្ចប្រជុំអនុវិស័យកីឡាស្តីពីការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាលតាមប្រព័ន្ធអនឡាញ

70

 

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាលរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតាមប្រព័ន្ធ Zoom ។

យោងតាមផេកផ្លូវការរបស់លោក ស សុខាថា ក្នុងនាមលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ដែល បានយកចិត្តទុកដាក់ក្នុងកិច្ចការងារប្រមូលផ្ដុំក្រុមជម្រើសជាតិ និងក្រុមថ្នាល បើទោះបីកម្ពុជាយើងមានបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះយ៉ាងណាក្តី។ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមអាណាព្យាបាល នៃសហព័ន្ធទាំងអស់យើងត្រូវធ្វើ៤ចំណុច ឲ្យល្អបំផុតពេលនេះ និងអនាគត៖ទី១ ដាក់ផែនការឆ្ពោះទៅSEA GAMES ទី២តាមដានផែនការ ទី៣បង្កើតសកម្មភាពឲ្យសម្រេចលទ្ធផលនៅឆ្នាំ២០២១ និង២០២៣ និងទី៤ចុងក្រោយធ្វើតេស្តិ៍សមត្ថភាពជាប្រចាំ ។

លោបានបន្តថា ក្នុងការហ្វឹកហាត់ស្នើឲ្យមាន QR Code ទប់ស្កាត់កូវីដ-១៩ វាស់កម្ដៅ និងបាញ់អាល់កុលឲ្យបានត្រឹមត្រូវមុននឹងហ្វឹកហាត់ បន្ទាប់ពីមានការអនុញ្ញាតឡើងវិញរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះត្រូវធ្វើការជូនដំណឹងដល់អត្តពលិកទាំងអស់ ឲ្យកត់ត្រាកន្លែងដែលខ្លួនបានទៅជាប្រចាំ បើចាំបាច់បំផុតខាងមិនបាននោះ (ត្រូវកត់ត្រាជាកំហិត) ព្រោះបើមានករណីឆ្លងកូវីដ-១៩ យើងអាចគ្រប់គ្រងបានទាន់ពេល។ បើមានម្នាក់ឆ្លង ឬប៉ះពាល់ដោយប្រយោល គឺយើងត្រូវផ្អាកការហ្វឹកហាត់កន្លែងនោះតែម្ដង។ យើងត្រូវចូលរួមទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យកូវីដ-១៩ អាក់ដំណើរឆ្ពោះទៅរកមេដាយនៅស៊ីហ្គេមរបស់យើង រួមគ្នាបញ្ឈប់កូវីដ-១៩ កុំឲ្យកូវីដផ្ដាច់ការហ្វឹកហាត់ និងផ្ដាច់សង្ខាររបស់យើង។

លោករដ្ឋលេខាធិការបន្ថែមទៀតថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរជាច្រើន និងជារៀងរាល់ថ្ងៃ ព្រមទាំងបានសម្លាប់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលជាប់ទាក់ទង