ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីសហការជាមួយ កងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់ចំនួន១២០០០គ្រួសារ

46

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការអោយបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។សម្រាប់ថ្ងៃទី២៦ មេសាម្សិលនេះ អាជ្ញាធរខណ្ឌនីមួយៗបានសហការយ៉ាងល្អជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហានបានបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន១២០០០គ្រួសារ ក្នុងនោះ បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលកាន់ការងារលើផ្នែកនេះបានអោយដឹងថា ក្នុងចំនួន១២០០០គ្រសារនេះ បានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋ នៅពោធិសែនជ័យចំនួន៣៥០០គ្រួសារ ខណ្ឌ មានជ័យ២០០០គ្រួសារ ខណ្ឌដង្កោ២០០គ្រួសារ ខណ្ឌសែនសុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ១៥០០
គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៥០០គ្រួសារ ខណ្ឌដូនពេញចំនួន៧០០គ្រួសារ ខណ្ឌ ៧មករា១០០០គ្រួសារ ខណ្ឌទួលគោក៣០០គ្រួសារ ខណ្ឌចំការមន៣០០គ្រួសារ ខណ្ឌបឹងកេងកង៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន៥០០គ្រួសារ ។
គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និង
រថយន្ត៦២គ្រឿងក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌខាងលើ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈអញ្ជើញទទួលអំណោយពីសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ បានបញ្ជាក់ហើយថា សម្រាប់ថ្ងៃទី២៦ មេសានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងទ័ពជើងគោកបាន ដឹកស្បៀងអាហារ យកទៅចែកជូនប្រជាពលរដ្ឋនិងកម្មករទីទាល់ក្រ ចំនួន១២០០០គ្រួសារ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយការងារនេះនៅតែបន្តធ្វើដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណ្ឌបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

 

អត្ថបទដែលជាប់ទាក់ទង