ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សាកល នឹងបញ្ជូនកីឡាករ របស់ខ្លួន២រូប ទៅហាត់នៅបារាំង

316

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា ប្រកាសថានឹងបញ្ជូនកីឡាកររបស់ខ្លួនចំនួន២រូប ដែលមានគុណផលល្អជាងគេ ទៅហ្វឹកហាត់នៅប្រទេសបារាំង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំនេះ ។
លោក ប៊ុយ សុភ័ណ្ឌអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានប្រាប់ តាមបណ្ដាញសង្គម(Telegram)ថា“ការបញ្ជូនអត្តពលិក ទៅហ្វឹកហាត់នៅប្រទេសបារាំងនេះ គឺសហព័ន្ធរង់ចាំពត៌មានលម្អិត ពីគណៈកម្មាធិការរៀបចំស៊ីហ្គេម(CAMSOC)ព្រោះអ្វីៗវាពាក់ព័ន្ធនឹងការ ជួយឧបត្ថម្ភក្នុងការបញ្ជូនអត្តពលិក ទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាការរង់ចាំពត៌មានស្ដីពីការចំណាយលម្អិត ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៅប្រទេសបារាំងសិននោះ ទើបយើង ធ្វើគម្រោងចំណាយច្បាស់លាស់ រួចផ្ញើទៅឱ្យគណៈកម្មាធិការCAMSOCដើម្បីសុំឲ្យពួកគាត់ធ្វើការពិចារណាថា គាត់នឹងអាចជួយអ្វីបានខ្លះ ហើយសហព័ន្ធនឹងការស្វែងរកថវិកាបន្ថែម ដើម្បីបង្គ្រប់ក្នុងការបញ្ជូន អត្តពលិកទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំងបាន។”
លោកប្រាប់ឲ្យដឹងទៀតថា អត្តពលិក២រូបដែលសហព័ន្ធ គ្រោងនឹងបញ្ចូនទៅហ្វឹកហាត់នោះ គឺសហព័ន្ធនឹងធ្វើការសម្រិតសម្រាំង យកតែកីឡាករនៅក្នុងស្រុក តែប៉ុណ្ណោះចំណែកឯ
កីឡាករខ្មែរ-អាម៉េរិក ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ទម្ងន់ធ្ងន់អេរិកភារ៉ុនប៉ែនវិញ សហព័ន្ធ
មានគម្រោងសុំគោលការណ៍ ទៅក្រសួងអប់រំ យុវជន និងកីឡា និង CAMSOC ដើម្បីអាចបញ្ជូនទៅហ្វឹកហាត់ នៅប៉ែកអឺរ៉ុបផងដែរ ដើម្បីធ្វើឱ្យមានភាពប្រាកដថា កីឡាករទម្ងន់ធ្ងន់ម្នាក់នេះ អាចនឹងឈានទៅដល់ការបង្កើត ប្រវត្តិសាស្ត្រឈ្នះមេដាយមាសស៊ីហ្គេម ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមប្រដាល់សកលកម្ពុជា ធ្លាប់បានឈ្នះមេដាយខ្ពស់បំផុត ត្រឹមមេដាយប្រាក់ ដែលរកបានដោយកីឡាករ ផល សុផាត កាលពីឆ្នាំ២០០៩ និងកីឡាករ វ៉ែន រដ្ឋា នាស៊ីហ្គេម ឆ្នាំ២០១៥។
លោកប៊ុយ សុភ័ណ្ឌបញ្ជាក់ថា សម្រាប់អ្នកប្រដាល់អេរិក ភារ៉ុនប៉ែនសហព័ន្ធសង្ឃឹមថា
គេនឹងដណ្ដើមបានលទ្ធផលល្អ ព្រោះកន្លងមកប្រដាល់សាកលកម្ពុជា ដណ្ដើមបានតែត្រឹមមេ
ដាយប្រាក់ប៉ុណ្ណោះ តែសម្រាប់កីឡាកររូបនេះ អាចនឹងបង្កើតនូវប្រវត្តិសាស្រ្តថ្មី ដល់កម្ពុជានោះ
គឺការប្រជែងយកមេដាយមាស ជាលើកដំបូងនាស៊ីហ្កេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះ ៕

អត្ថបទដែលជាប់ទាក់ទង