ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងគ្រូជំនួយ ក្រុមជម្រើសជាតិកម្ពុជា ចំនួន២រូប

80

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានតែងតាំងគ្រូជំនួយ នៃក្រុមជម្រើសជាតិកម្ពុជា ចំនួន២រូបគឺលោក ភា សុភ័ក្រ្តា និងលោក អ៊ុក សុធី កាលថ្មីៗនេះ ក្រោមការដឹកនាំពីគ្រូបង្គោលថ្មីជា ជនជាតិជប៉ុន លោក RYU HIROSE និងលោក Keisuke Honda អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតជម្រុះ៣ ប្រកួតចុងក្រោយ វគ្គជម្រុះជុំទី២ពូលCនៃ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
ចាប់ពីពាក់កណ្តាល ឆ្នាំ២០២១តទៅ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវចូលរួម៣ ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar2022វគ្គជម្រុះជុំទី២ពូល C នៅទឹកដីកណ្ដាល ប្រទេសបារ៉ែន នាថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១, បន្តជួបជាមួយក្រុមជម្រើសជាតិ
អ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងមួយប្រកួតចុងក្រោយ ជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ក្រុមជម្រើសជាតិកម្ពុជា ឈុតអាយុក្រោម២២ឆ្នាំនឹងត្រូវ ចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការ ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
សហព័ន្ធបានប្រកាសតែងតាំង សមាសភាពគ្រូបង្វឹក អ្នកចាត់ការទូទៅ និងគ្រូជំនួយ២រូប សរុបទើបនឹងបាន៤រូបប៉ុណ្ណោះ ខណៈសមាសភាពក្រុមកីឡាករ មិនទាន់ត្រូវបានបញ្ចេញ ឲ្យដឹងនៅឡើយទេ ព្រោះការការប្រកួតលីគកំពូលកម្ពុជា ទើបនឹងចាប់ផ្តើមឡើងវិញ កាលពីចុងសប្តាហ៍នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបានផ្អាកអស់ រយៈពេលជាច្រើនសប្តាហ៍។
លោកកែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការជ្រើសរើស សមាសភាពកីឡាករ
ក្រុមជម្រើសជាតិកំពុង ត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ ជាបណ្តើរៗហើយ ក្រោមការសង្កេត និងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែង គ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។
លោកអះអាងថា តាមពិតបញ្ជីឈ្មោះ ក្រុមជម្រើសជាតិ អាចនឹងមានហើយ ប៉ុន្តែមិនទាន់បាន បញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំមើល នាថ្ងៃទី២៦ទី២៧ខែឧសភាឆ្នាំ២០២១ ដែលគឺជាវិធីសាស្ត្ររបស់ គ្រូបង្គោលដើម្បីទុកពេល ឲ្យកីឡាករបាន ខិតខំប្រឹងប្រែងឲ្យបាន ខ្លាំងក្លាជាមុនសិន។ ព្រោះ ប្រសិនបើកីឡាករណា ដឹងថាខ្លួនជាប់ជា កីឡាករជម្រើសជាតិអាច បែរទៅជាទម្លាក់ការខិតខំ ក្នុងការប្រកួតលីគកំពូល ដែលកំពុងដំណើរឡើងវិញ។ លោកមានជំនឿចិត្តថា បញ្ជីឈ្មោះក្រុមកីឡាករ ជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការ នាពេលខាងមុខ ឆាប់ៗនេះ»។
លោកអគ្គលេខាធិការរូបនេះបន្ដថា សម្រាប់សមាសភាព គ្រូជំនួន២រូបខាងលើនេះ គឺសហព័ន្ធបាន ប្រកាសជាផ្លូវការហើយ ក្នុងការមកជួយ ដល់ការហ្វឹកហាត់-ប្រកួត ក្រុមជម្រើសជាតិ ប៉ុន្តែគ្រូជំនួយទាំងពីរូបនេះ អាចមានភាពខុសគ្នា ដោយសារលោក អ៊ុក សុធី ជាគ្រូជំនួយថ្មី នៃក្រុមការងារជម្រើសជាតិ ដោយរង់ចាំមើល ការងាររបស់គាត់បន្ថែម ប្រសិនបើកិច្ចការរបស់គាត់ល្អ ពេលចេញទៅជួប ប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន សហព័ន្ធនឹងអាច បន្តកិច្ចសន្យាបានយូរបន្ថែមទៀត។ ចំពោះគ្រូជំនួយ លោក ភា សុភ័ក្ត្រា គឺជាគ្រូជំនួសចាស់ ដែលបន្តកិច្ចសន្យាថ្មី លោកលោកមាន ការប្តេជ្ញាចិត្តខ្ពស់ក្នុងការ ជួយជ្រោមជ្រែង ក្រុមជម្រើសជាតិ៕

អត្ថបទដែលជាប់ទាក់ទង