ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបានអាល់កុលក្លែងក្លាយ និងគ្មានច្បាប់អនុញ្ញាត ជាង៧ម៉ឺនលីត្រ នៅសង្កាត់ស្ទឹងមានជ័យ២

47

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកទុក និងចែកចាយអាល់កុលមួយកន្លែង នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញវត្ថុតាង អាល់កុល ចំនួន១,៥០៨កាន និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន៧៤,០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុល ទាំងអស់នេះ៖

* ទី១៖ អាល់កុលក្លែងក្លាយ
* ទី២៖ គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់
* ទី៣៖ ពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញពីកិច្ចប្រតិបត្តិការបង្ក្រាបនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រសួងមហាផ្ទៃ សម្របសម្រួល ដឹកនាំការបង្ក្រាបផលិតផលឱសថសាស្ត្រ និងវេជ្ជសាស្ត្របង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយ និងគ្មានគុណភាព។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែដឹកនាំចង្អុលទិស ក្នុងការចុះអនុវត្តអនុសាសន៍ខាងលើនេះ ដែលស្តែងចេញឡើងនូវសកម្មភាពបង្ក្រាបថ្ងៃនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ដោយឃើញថា ទីតាំងខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ ព្រះរាជអាជ្ញា សម្រេចឲ្យគណៈកម្មាធិការបិទទីតាំងទាំងនេះ ដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ ជនសង្ស័យពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលនេះជាការចុះបង្ក្រាប ទីតាំងស្តុកទុក ចែកចាយអាល់កុលក្លែងក្លាយដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានកន្លងមក។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវ ការប្រើប្រាស់ច្រើនជាហានិភ័យ ងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ គណៈកម្មាធិការនឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង