ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមមានការប្រុងប្រយ័ត្នជាមួយ នឹងការ ឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

27

ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ២០០០០០ រៀល”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។

នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។

សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។

ចំណែកនាយកដ្ឋានព័តត៌មានវិទ្យា ក៏បានចេញផ្សាយព័ត៌មានផងដែរថា៖ នាព្រលប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែកបន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កម្មវិធីខាងលើគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖

– ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ

– ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់

– ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។

លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖

– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)

– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

សូមបងប្អូនមេត្តាបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង