ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC បន្តបញ្ជ្រាបការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

234

 

CAMSOC-ភ្នំពេញ៖ នៅក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុងបញ្ជ្របការផ្សព្វផ្សាយអំពីយុទ្ធនាការនេះទៅកាន់ស្រទាប់មហាជនទូទាំងប្រទេសជាបណ្តើរៗកន្លងមកហើយៗនៅក្នុងពិធីប្រារព្ធ «ទិវាអូឡាំពិក» នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក៏បញ្រ្ជាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងគោលដៅផ្សព្វផ្សាយទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទូទៅ បានស្វែងយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីតួនាទី-ភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងឋានៈជាម្ចាស់ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញថា នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជា តែងតែទទួលបានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្វើយ៉ាងណាជំរុញឲ្យការផ្សព្វផ្សាយនេះ តាមរយៈផ្ទាំងផ្សព្វផ្សាយ ស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាផ្លូវការ ដើម្បីស្វែងរកការគាំទ្រ និងស្វែងយល់បន្ថែមជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអគ្គលេខាធិការ ក៏បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី យុវជន ប្រជាពលរដ្ឋ សូមចូលរួមស្វែងយល់ នៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ដែលនឹងផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដោយមានវាគ្មិនសំខាន់ៗមួយចំនួន នឹងចូលរួមចែករំលែក នៅក្នុងបទបង្ហាញពីអត្តពលិកអូឡាំពិក ដូចជាកីឡាការិនី ស៊ន សៀវម៉ី, ហែម ថុនវិទិនី ព្រមទាំងមន្ត្រីជំនាញនៃចលនាអូឡាំពិកកម្ពុជាផងដែរ។ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កម្មវិធីនេះ មិនអាចប្រមូលផ្តុំមនុស្សឲ្យច្រើន ដើម្បីប្រារព្ធទិវាអូឡាំពិកឆ្នាំនេះឡើយ។

ការផ្សព្វផ្សាយផ្សេងៗទៀត គឺការធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ហើយនិងបន្តបោះពុម្ពជាផ្ទាំងរូបភាព ទៅកាន់២៥រាជធានី-ខេត្ត ហើយឲ្យរាជធានី-ខេត្តនានាបោះពុម្ពបន្ថែម ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទៅតាមលទ្ធភាពជាក់ស្តែង ដែលឯកឧត្តម-លោកជំទាវអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាអនុប្រធាន CAMSOC ស្រាប់។ នេះគឺជាកម្លាំងរបស់គណៈកម្មការជំនាញនានារបស់ CAMSOC ដែលធ្វើយ៉ាងណាជំរុញឲ្យការងារផ្សព្វផ្សាយ និងការងារពាក់ព័ន្ធនានា ជ្រួតជ្រាបដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង