ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលី អ៊ូមើត នឹងចូលរួមព្រឹត្តិការណ៍ Jet Ski World Series 2021 នៅ ៣ទ្វីបផ្សេងគ្នា នាចុងឆ្នាំនេះ

284

 

CAMSOC-ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត នឹងចូលរួមការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Series 2021-2022 ដែលធ្វើឡើងនៅ ៣ទ្វីបផ្សេងគ្នា នាចុងឆ្នាំនេះ ។

ព្រឹត្តិការណ៍កីឡាម៉ូតូទឹកដ៏ធំនេះ សម្រាប់ជុំទី១ នឹងចាប់ផ្ដើមការប្រកួតមុនគេ នៅប្រទេសប៉ូឡូញ នៃតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ប្រកួតនៅប្រទេសថៃ នៃតំបន់អាស៊ី ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២ ។

សាលី អ៊ូមើត បានឲ្យដឹងថា បេសកកម្មនេះ ខ្លួននឹងចូលរួមជាមួយសិស្សប្អូន ២រូបទៀត រួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយរូបគេ នឹងបន្ដចូលរួមប្រកួតលើវិញ្ញាសាស្គីឈរ(Ski GP) ដែលជាវិញ្ញាសាធំជាងគេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ។ បច្ចុប្បន្ន អ៊ូមើត កំពុងខិតខំហ្វឹកហាត់ជាខ្លាំង នៅប្រទេសថៃ ដើម្បីត្រៀមការប្រកួតនាពេលខាងមុខ ។

ប៉ុន្ដែសម្រាប់ការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត ហាក់មិនសូវមានសង្ឃឹមខ្ពស់នោះទេ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅប្រទេសអូទ្រីសនៅឡើយ ។ តែយ៉ាងណា អ៊ូមើត បានប្ដេជ្ញានឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធដែលខ្លួនមាន ដើម្បីគ្រប់គ្រងម៉ូតូ និងឈានទៅដណ្ដើមលទ្ធផលល្អ ឆ្ពោះទៅជុំទី២ និងជុំទី៣ ពិសេសដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អតែម្ដង ។

កីឡាករខ្មែរឥស្លាមរូបនេះ និយាយថា «ក្នុងព្រឹត្តិការណ៍នេះ ជុំទី១ ខ្ញុំសង្ឃឹមតែ ៥០% ដោយសារអត់សូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅអូទ្រីសនៅឡើយ ។ ចឹងអាចដាច់ខែនេះ ប្រហែលថ្ងៃទី៤ ខែកក្កដា ខ្ញុំទៅអាល្លឺម៉ង់ ទៅផ្ទះម្ចាស់ក្លិប ហើយបន្ដទៅអូទ្រីស ដើម្បីយកម៉ូតូ ចឹងអាចមានពេល ២សប្ដាហ៍ ដើម្បីហ្វឹកហាត់ ។ តែរយៈពេលនេះ មិនជារឿងងាយស្រួលទេ ព្រោះម៉ូតូថ្មី បើបានហ្វឹកហាត់ ១ខែ ទៅ ២ខែឡើងទៅ ទើបល្អ» ។

អ៊ូមើត បន្ដថា «ប៉ុន្ដែក្នុងនាមកីឡាករមានបទពិសោធម្នាក់ ខ្ញុំប្ដេជ្ញានឹងប្រើបទពិសោធ និងបច្ចេកទេសរបស់ខ្ញុំ ធ្វើឲ្យបានល្អក្នុងការប្រកួតនេះ ។ អ្វីដែលរំពឹងទុក ជុំទី១ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីសន្សំពិន្ទុ បន្ដទៅជុំទី២ និងជុំទី៣ ។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និងតបស្នងនូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លិប ដែលបានចំណាយថវិកា និងទិញម៉ូតូថ្មីឲ្យខ្ញុំ សម្រាប់ចូលរួមព្រឹត្តិការណ៍ធំៗ ពិសេសខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមលទ្ធផលល្អជូនប្រទេសជាតិរបស់យើង ក៏ដូចជាក្លិប ដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ» ។

គួរដឹងថា សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ នៅប្រទេសថៃ កាលពីចុងខែមេសាកន្លងទៅ ហើយគេបានបំបែកកំណត់ត្រាថ្មី ក្នុងនាមជាកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10 ក្រោយបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៤ ទោះបី អ៊ូមើត បានប្រើម៉ូតូទឹកចាស់ ដែលខ្លួនបានយកទៅប្រកួត និងដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង