ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីឆ្នើមកីឡាស្នូកឃ័រ ស្រួង ភាវី ៖ កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ក្នុងសម័យកូវីដ១៩

266

 

កូរ៉េខាងត្បូង ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចេញនូវសារលិខិត អបអរសាទរមួយជូនចំពោះ កីឡាការិនីឆ្នើម ស្រួង ភាវី ក្នុងឱកាសដែលកីឡាការិនីដ៏ឆ្នើមរបស់ខ្មែរយើងរូបនេះ ទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ) ថ្មីៗនេះ។

កីឡាការិនីឆ្នើម ស្រួង ភាវី នៅថ្ងៃទី២៦មិថុនានេះ បានថ្លែងសារលើផេកហ្វេសប៊ុកថា “ខ្ញុំបានប្រកួតកីឡាស្នូកឃ័រ ពានរង្វាន់ជើងឯកពិភពលោក ដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេល ប៉ុន្មានខែមកនេះ។ ការប្រកួតដ៏លំបាកនិងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃមិនសម្រាក ខំឡើងធ្លាក់ ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បីជាតិកម្ពុជារបស់ខ្ញុំ”។

កីឡាការិនីឆ្នើម បានបញ្ជាក់ថា ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នក ព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ អំឡុងពេលប្រកួតដ៏ស្វិតស្វាញកន្លងមក ខ្ញុំទាន់មិន ប្រាប់ពុកម៉ែបងប្អូនទុកជាមុនឡើយ ព្រោះមិនចង់ឱ្យបារម្ភ។

លោកស្រី បានបន្តថា ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោក លេខ១ បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ក្នុងសម័យកូវីដ១៩ក៏ដោយ។ អរគុណណាស់ អរគុណខ្លួនឯង ដែលខំប្រឹង អរគុណបងប្អូនជនជាតិខ្មែរ ដែលតែងតែបន្តគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុ គ្រប់យ៉ាង ដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយ បានផ្ដល់កំណើតដល់ខ្ញុំ។

ក្នុងសារលិខិតនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ ខ្ញុំសូមសម្ដែងនូវអំណរសាទរ ជាអនេក ប្រកបដោយមនោសញ្ចេតនា រីករាយក្រៃលែងក្នុងឱកាស លោកស្រី ទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ)។ សមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ ក្នុងអាជីពកីឡាស្នូកឃ័រ ជម្រើសជាតិកម្ពុជារបស់ លោកស្រី ពិតជាបាន នាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តម ដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោម សាធារណជនទូទៅ​ នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រី ជាគំរូវីរភាពស្រ្តីនៅក្នុងវិស័យកីឡា។ ជោគជ័យគួរជាទីមោទនៈរបស់ លោកស្រី ក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើក តម្កើងកិត្យានុភាពជាតិ យ៉ាងថ្លៃថ្លារបស់កម្ពុជា នៅលើឆាកអន្ដរជាតិ នាពេលខាងមុខផងដែរ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ ខ្ញុំសូមជូនពរ លោកស្រី សម្រេចបាននូវជោគជ័យ និងស្នាដៃធំៗបន្ថែមទៀត ក្នុងអាជីពកីឡាស្នូកឃ័រ តំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។

កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

តាមការបញ្ជាក់របស់លោកស្រី ស្រួង ភាវី បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ នេះជាលើកដំបូងហើយ ដែលលោកស្រី បានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបាន ចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ ។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក ។

ទម្រាំអាចបង្កើតកំណត់ត្រាថ្មីលើទឹកដីកូរ៉េ លោកស្រីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនីមាន បទពិសោធយូរឆ្នាំ Kim Gayoung ហើយក្នុងការប្រកួតដណ្ដើមជើងឯក គឺកាន់តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១ ។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship ។

ជាមួយការដណ្ដើមបាន ជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ ។ លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការគោរពស្រឡាញ់ ហើយចាត់ទុកលោកស្រី គឺជា “នារីខ្លាំង” ម្នាក់ទៀតផង បន្ទាប់ពីលោកស្រីធ្លាប់ដណ្ដើមបាន ជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុនដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញនិយម នៅកូរ៉េមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង