ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ពាន Blue One Resort LPBA Championship ស្រួង ភាវី ទទួលបាន ការសាទរពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

236

 

CAMSOC-ភ្នំពេញ៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញលិខិតជូនពរ និងអបអរសាទរជូនចំពោះលោកស្រី ស្រួង ភាវី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ដែលបានទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Blue One Resort LPBA Championship (ផ្នែកនារី) កាលពីពេលថ្មីៗនេះ នៅសាធារណរដ្ឋកូរ៉េ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ ឯកឧត្តមបានសម្តែងនូវអំណរសាទរជាអនេក ប្រកបដោយមនោសញ្ចេតនារីករាយក្រៃលែង ក្នុងឱកាស លោកសីទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្តរជាតិនេះ។ ឯកឧត្តមឯកអគ្គរាជទូតរូបនេះបានចាត់ទុកថា នេះជាសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ ក្នុងអាជីពកីឡាស្នូកឃីរជម្រើសជាតិកម្ពុជារបស់លោកសី ហើយពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្ត្រីនៅក្នុងវិស័យកីឡា។ ជោគជ័យគួរជាទីមោទនៈរបស់លោកស្រីក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លា សម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជា នៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។

កីឡាការិនី ស្រួង ភាវី ក៏បានបង្ហាញនូវក្តីរីករាយតាមរយៈហ្វេសប៊ុករបស់ខ្លួនដែរថា «ខ្ញុំបានប្រកួតកីឡាស្នូកឃ័រពានរង្វាន់ជើងឯកពិភពលោកដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃមិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បីជាតិកម្ពុជារបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោកលេខ១បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ក្នុងសម័យកូវីដ-១៩ក៏ដោយ។ អរគុណបងប្អូនជនជាតិខ្មែរ ដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយបានផ្ដល់កំណើតដល់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់»។

សូមរំឭកថា កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ (ការ៉ុម) ពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះបានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។ ព្រឹត្តិការណ៍ Blue One Resort LPBA Championship នេះ គឺកីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង