ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ! ខាន់ ចេសា ឈ្នះមេដាយមាស នៃការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១

90

 

CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯក ថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១ (American National IBJJF Jiu-Jitsu Championship 2021) ។ ការប្រកួតដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនានេះ នៅទីក្រុង Las Vegas ដោយមានអត្តពលិកចូលរួមប្រមាណជាង ៤,០០០នាក់ និងប្រកួតលើវិញ្ញាសាជាច្រើន ។

ខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយនាងបានចាប់  ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនយកឈ្នះគូប្រកួត ក្នុងលទ្ធផល ៧-០ពិន្ទុ ដើម្បីបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ឈានដល់វគ្គកាត់សេចក្ដី កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ដដែល ធ្វើបានកាន់តែល្អ ដោយបានផ្ដួលគូប្រកួតជាមួយការប្រើបច្ចេកពិសេសស្នៀតកាច់ឃ្លេ រហូតត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង ។

ក្រោយដណ្ដើមបានជ័យជម្នះខាងលើ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩ របស់កម្ពុជា ខាន់ ចេសា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលខ្លួនអាចដណ្ដើមបានមេដាយមាសជាថ្មី ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នៅសហរដ្ឋអាមេរិកនេះ ។ អ្វីដែលពិសេស គឺនាងទន្ទឹងរង់ចាំការធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះ ។

កីឡាការិនីវ័យ ១៩ឆ្នាំរូបនេះ បានបញ្ជាក់ពីទីក្រុង Las Vegas ក្រោយបញ្ចប់ការប្រកួតថា «ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុតពីជំងឺកូវីដ-១៩ ឆាប់ៗដែរ ។ មួយវិញទៀត ខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងបន្ដធ្វើ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីមោទនភាពនៃអត្តពលិកកម្ពុជា ក្នុងប្រភេទកីឡានេះ ។ ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសាក្នុងការធ្វើដំណើរទៅកម្ពុជា ដើម្បីប្រកួតតំណាងកម្ពុជា» ។

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០ ។ អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង