ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វ៉ាត់ ចំរើន៖ «ចាប់ផ្តើមយុទ្ធនាការ បំផ្ទុះការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

217

CAMSOC-ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅយើងចាប់ផ្តើមធ្វើយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយ ដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា ចាប់ពីពេលនេះទៅ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ CAMSOC នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់បន្ថែមថា «យើងប្រើប្រាស់យន្តការនេះ ដើម្បីរៀបចំ បើកសម្ពោធយុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ណែនាំឲ្យគណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ និងភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធររាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួននឹងចូលរួម ក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ គឺយើងដឹងហើយថារយៈពេលពីរឆ្នាំមុនការប្រកួត គឺយើងត្រូវធ្វើផ្សព្វផ្សាយ ដែលកម្ពុជាយើងនៅសល់ប្រមាណពីរឆ្នាំនេះ»។
សេណារីយ៉ូនៃផែនការយុទ្ធសាស្ត្រ នៅក្នុងការផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយនៅក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិដែរ តាមរយៈទូរទស្សន៍ជាតិ តាមរយៈបណ្តាញព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ដែលយើងយកយន្តការនៅខាងក្រៅប្រទេសជាយន្តការការទូត យន្តការកិច្ចការបរទេស ដែលយើងប្រើប្រាស់ស្ថានទូតកម្ពុជាតំណាងកុងស៊ុលឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ ជាពិសេសគឺប្រទេសសមាជិកនៃស៊ីហ្គេមទាំង១០ប្រទេសខាងក្រៅ ហើយក៏ដូចជាប្រទេសមួយចំនួនទៀតដែលមានប្រជាជនខ្មែរច្រើននៅក្រៅប្រទេសដូច អាមេរិក កាណាដា អូស្ត្រាលីបារាំងជាដើម គឺថាយើងធ្វើយុទ្ធនាការផ្សព្វផ្សាយនេះហើយផ្សព្វផ្សាយមួយទៀតដែរគឺបញ្ជ្រាបចូលជាមួយនឹងស្ថានទូតរបស់ប្រទេសនានានៅព្រះរាជាណាចក្រកម្ពុជាដែលយើងត្រូវផ្តល់នូវគេហៅផលិតចេញនូវឧបករណ៍ឬក៏សម្ភារៈផ្សព្វផ្សាយរបស់យើង។

គោលដៅនៃការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាឲ្យមានគុណតម្លៃនៃព្រឹត្តិការណ៍ ដើម្បីឲ្យទទួលបានការគាំទ្រកាន់តែច្រើន។ ជាមួយគ្នានោះយើងជំរុញឲ្យការផ្សព្វផ្សាយប្រកបដោយគុណភាពល្អ តាមស្តង់ដារ ដូចជាការផលិតវីដេអូ គឺយើងផលិតក្នុងគុណភាពដ៏ខ្ពស់ សម្រាប់ធ្វើការផ្សព្វផ្សាយហើយក៏យើងធ្វើឲ្យក៏គុណភាពនៃការផលិតឧបករណ៍ សម្ភារ ដែលទាំងអស់នេះគឺជាយន្ដការរួមកម្លាំងសរុបរបស់ CAMSOC ផង រួមទាំងការជំរុញបន្ថែមរបស់រាជរដ្ឋាភិបាលក៏បានចេញសេចក្ដីណែនាំឲ្យគ្រប់បណ្ដាក្រសួងមន្ទីរស្ថាប័នទាំងអស់ធ្វើការជួយផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយផងដែរ។

«ឯកឧត្តមបណ្ឌិត ថោង ខុន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការទទួលស្វាគមន៍ភ្ញៀវ អត្តពលិក ក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ និងប្រកបដោយក្តីសង្ឃឹម។ យើងសង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជានឹងធ្វើឲ្យបានល្អជាងស៊ីហ្គេមមុនៗហើយយើងធ្វើម្ចាស់ផ្ទះក្នុងសេចក្ដីថ្លៃថ្នូរ និងកិត្តិយស សម្រាប់ប្រទេសជាតិ និងកេរ្តិ៍ឈ្មោះល្អ សម្រាប់ប្រទេសជាតិទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ជាតិរបស់យើងទៅថ្ងៃក្រោយ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

អត្ថបទដែលជាប់ទាក់ទង