ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សំហេង បុរស ទទួលការគាំទ្រជា ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត

122

 

CAMSOC-ភ្នំពេញ៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ទទួលបានការគាំទ្រដឹកនាំជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តជំនួសឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលសុំលាលែងពីដំណែងជាប្រធាន តាមរយៈសន្និបាតវិសាមញ្ញ និងតាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ក្នុងនាមប្រធានថ្មីនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ឯកឧត្តម សំហេង បុរស បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលសមាជិកទាំងអស់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជូនឯកឧត្តមធ្វើជាប្រធានសហព័ន្ធ នាពេលនេះ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម-ក្លឹប សហព័ន្ធ អាណត្តិមុនៗ ក៏ដូចជាដៃគូឧបតម្ថម្ភនានា ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មជាបន្តបន្ទាប់កន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីស្ថាបនាឲ្យបាននូវធនធានកីឡាករ កីឡាការិនីជំនាន់ក្រោយ ឲ្យមានកម្រិតសមត្ថភាពកាន់តែល្អប្រសើរ ដែលអាចចូលរួមប្រកួតប្រជែងបានលើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំចម្បងរបស់វិស័យកីឡាអត្តពលកម្មទាំងមូល ក្នុងដំណើរឆ្ពោះទៅស្វែងរកមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង។

ឯកឧត្តម សំហេង បុរស បានលើកឡើងបន្ថែមយ៉ាងដូច្នេះថា «ប្រសិនបើយើងទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នោះគឺជាការឆ្លុះបញ្ចាំងនូវការដឹកនាំការងាររបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវយករយៈពេលឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងនៅសល់ពេលប្រមាណ២ឆ្នាំប៉ុណ្ណោះ គឺជាគោលដៅសំខាន់ ក្នុងការកសាងធនធានមនុស្សឲ្យប្រជែងបានជើងឯក ហើយខ្ញុំមានសំណូមពរខ្ពស់បន្តិចដល់សមាគម-ក្លឹបទូទាំងប្រទេស ដើម្បីស្ថាបនាជើងឯកពីការស្ថាបនាជើងឯក ដែលត្រូវការពេល១០ឆ្នាំ មកសល់ត្រឹម២ឆ្នាំ សម្រាប់ទិសដៅស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង»។
បើតាមលោក ហ៊ុន បុរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបញ្ជាក់ថា នៅក្នុងទិសដៅ ក្នុងឆ្នាំ២០២១ និងឆ្នាំបន្ទាប់ សហព័ន្ធកំពុងត្រៀមបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសជាតិ និងអន្តរជាតិ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនីចំនួន១៥នាក់ ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន និងត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម និងត្រៀមបញ្ជូនកីឡាករម្នាក់ចូលរួមអូឡាំពិកហ្គេម នៅប្រទេសជប៉ុន។ បើទោះបីជាលោកបានលើកឡើងនូវបញ្ហាប្រឈមនៃការខ្វះខាតមួយចំនួនដែលមិនទាន់ឆ្លើយតបតាមតម្រូវការក្តី ប៉ុន្តែលោកបានលើកបង្ហាញនូវការរីកចម្រើន មានទំនាក់ទំនងល្អជាមួយដៃគូ មានការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធអត្តពលកម្មពិភពលោក ព្រមទាំងដៃគូឯកជន ដើម្បីជួយដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិផងដែរ។

សូមបញ្ជាក់ថា អាណត្តិទី៧នេះ មានសមាសភាពសមាជិកប្រតិបត្តិដឹកនាំដោយ ឯកឧត្តម សំហេង បុរស ជាប្រធានអមដោយអនុប្រធានពីររូប គឺឯកឧត្តម ផៃ សុខខេង និងលោក ដាំ ភិរម្យ ព្រមទាំងសមាជិកចំនួន១០រូបផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង