ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC ផ្តោតសំខាន់លើ គុណផលកីឡា កម្រិតខ្ពស់ ដើម្បីធានាឲ្យបាន ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

96

 

CAMSOC-ភ្នំពេញ៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១បានផ្តោតសំខាន់លើការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ដើម្បីធានាឲ្យបាននូវយន្តការត្រៀមឆ្ពោះទៅចូលរួមប្រកួត ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ថ្ងៃនេះ គណៈចិន្ត្រៃយ៍ CAMSOC បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំដោយឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ជាមួយនឹងគណៈកម្មការជំនាញទាំងអស់ ក៏ដូចជាសហព័ន្ធជាតិ ដែលពាក់ព័ន្ធទៅនឹងការរៀបចំ ជាពិសេសគឺពិនិត្យមើលសេណារីយោ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍជំនាញកម្រិតខ្ពស់របស់កីឡាករ កីឡាការិនីជម្រើសជាតិ។ «យើងត្រូវធ្វើផែនការហ្វឹកហាត់លក្ខណៈប្រមូលផ្ដុំកម្លាំងរបស់កីឡាករកីឡាការិនីបាញ់ឆ្ពោះទៅរកគោលដៅណា ដែលហ្វឹកហាត់បង្កើនគុណផលកីឡារបស់គាត់ឲ្យបានកម្រិតខ្ពស់មួយ ដែលយើងធានាឲ្យបាននូវឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ កិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់ទៅលើទិដ្ឋភាពជំនាញ ដែលពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលឃើញថាមានការចូលរួមពីលោក ប៉ុន សុខ ដើម្បីបំភ្លឺបញ្ហាមួយចំនួន និងគម្រោងការងារមួយចំនួន ដែលត្រូវរៀបចំមួយទៀតអ្វីដែលការណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ដោយធ្វើយ៉ាងណាឲ្យរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលពាក់ព័ន្ធនឹងការរៀបចំកីឡាករ កីឡាការិនី»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា យើងមានការហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ដែលត្រូវជំរុញបន្ថែមលើការងារហ្វឹកហាត់នេះ នៅក្នុងឆមាសទីពីរឆ្នាំ២០២១នេះ។ ចំពោះការហ្វឹកហាត់នៅក្រៅប្រទេស គឺហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែង ដែលត្រូវបានរដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិនបានឯកភាពក្នុងការផ្តល់ជំនួយឥតសំណងអភិវឌ្ឍន៍កីឡាករកីឡាការិនីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ រួចរាល់ហើយ។ ផែនការហ្វឹកហាត់នៅចិនចំនួន១២ប្រភេទកីឡា ដែលមានកីឡាករ កីឡាការិនីជម្រើសជាតិ សរុបចំនួន១៣៥នាក់ ដោយបច្ចុប្បន្នភាគីចិនកំពុងរៀបចំកន្លែងហ្វឹកហាត់ ការស្នាក់នៅហូបចុក ក៏ដូចជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ «អ្វីដែលសំខាន់ពេលនេះ ពេលវេលានៃត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែខ្លីទៅៗហើយ ដូច្នេះ CAMSOC កំពុងបន្តជំរុញការហ្វឹកហាត់គុណផលកីឡាកម្រិតខ្ពស់ឲ្យកាន់តែហ្មត់ចត់ ដើម្បីធានាឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រកួតប្រជែងមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់នៅប្រទេសចិន ក៏មានការហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត តាមប្រភេទកីឡានីមួយៗ ដូចជាប្រដាល់ ការ៉ាតេ ប្រណាំងកង់ គុនដាវជាដើម។ ដោយឡែកកីឡាករ កីឡាការិនីចំនួន៣០នាក់ ដែលកំពុងរស់នៅក្រៅប្រទេសដែលមានឈាមជ័រជាខ្មែរ ក៏កំពុងបង្កើនការហ្វឹកហាត់ដូចគ្នាផងដែរ តាមរយៈការជំរុញលើកទឹកចិត្ត ក៏ដូចជាការត្រួតពិនិត្យតាមដានពីគណៈកម្មការជំនាញនៅក្នុងប្រទេស ដែលនេះគឺជាការផ្គុំកម្លាំងគ្នាទាំងអស់»។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហាត់នៅក្នុងស្រុកវិញ គឺទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី រួចរាល់ហើយ ប៉ុន្តែយើងកំពុងរៀបចំការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំតាមប្រភេទកីឡានីមួយៗ នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលយើងរៀបចំវិធានការនានា បានចប់សព្វគ្រប់ ក្នុងការបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ការរៀបចំវិធានការនៃការហ្វឹកហាត់នេះ យើងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា ការហ្វឹកហាត់បិទខ្ទប់នេះអាចថែរក្សាបាននូវសុវត្ថិភាពល្អ ក្នុងការត្រៀមចូលរួមប្រកួតស្វែងរកមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១។ ការហ្វឹកហាត់ក្នុងស្រុកមានប្រមាណ១៥ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការហ្វឹកហាត់ផ្សេងៗទៀតតាមសហព័ន្ធកីឡាជាតិនីមួយៗ ដែលសហព័ន្ធកីឡាជាតិទាំងនោះមានទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាពរួចហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង