ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឲ្យ សហព័ន្ធកីឡាជាតិ រៀបចំផែនការ ហ្វឹកហាត់ឲ្យគត់មត់ ខណៈការពន្យារពេលស៊ីហ្គេមនៅវៀតណាមជាឱកាសល្អ

84

 

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានាយកការសម្រេចនៃការពន្យាពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅ អំឡុងពាក់កណ្តាលឆ្នាំ២០២២ យកទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យបានសស្រាក់សស្រាំ ដោយសារពន្យារពេលស៊ីហ្គេម នៅវៀតណាមនេះគឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។

នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្រោយបញ្ចប់កិច្ចប្រជុំអនឡាញជាមួយគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Gamse) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តមបញ្ជាក់ជូនថា ថ្វីដ្បិតតែយើងមានពេលវេលាច្រើនសម្រាប់ការចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ពិតមែន ប៉ុន្តែយើងក៏បានបាត់បង់ពេលវេលាច្រើនដែរ ក្នុងការហ្វឹកហាត់ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាហ្គេមយុទ្ធសាស្រ្តចុងក្រោយរបស់កម្ពុជា ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ដូច្នេះហើយការពន្យារពេលស៊ីហ្គេម នៅវៀតណាមទៅឆ្នាំ២០២២ គឺជាឱកាសត្រៀមខ្លួនអភិវឌ្ឍគុណផលកីឡារបស់ក្រុមជម្រើសជាតិកម្ពុជាឲ្យបានគត់មត់ និងកាន់តែល្អប្រសើរបន្ថែមទៀត។

«នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំដល់សមាជិកនៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ សូមឲ្យចូលរួមផ្សព្វផ្សាយ ចូលរួមគាំទ្របន្ថែមទៀតដល់ ស៊ីហ្គេម នៅកម្ពុជា ដែលកម្ពុជានឹងត្រូវបើកយុទ្ធនាការជាតិផ្សព្វផ្សាយពេលឆាប់ឆាប់ខាងមុខនេះ។ ប្រទេសទាំងអស់បានឯកភាព ហើយបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានជំហរច្បាស់លាស់ និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ហើយប្រទេសទាំងអស់រង់ចាំជួយជ្រោមជ្រែងការផ្សព្វផ្សាយ ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយនេះទាំងអស់គ្នានៅគ្រប់ប្រទេសទាំងអស់។ កម្ពុជាយើងមានមោទនភាពដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។

ដោយឡែក ចំណុចដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅនោះ គឺថាបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍នឹងយកវិធានការទប់ស្កាត់កូវីដ-១៩ ដែលត្រូវបានចែងនៅក្នុងអូឡាំពិកអន្តរជាតិ គឺអាស៊ីអាគ្នេយ៍ទាំងមូលនឹងខិតខំរួមគ្នាប្រមែប្រមូលយកវិធានការទាំងអស់នោះមកធ្វើជាវិធានការនៃការទប់ស្កាត់កូវីដ-១៩ យកមករៀបចំ ស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ប្រសិនបើជាស្ថានភាពនៅតែមាន។ ទាំងអស់នេះជាគំនិត និងជាយុទ្ធសាស្ត្រចម្បង ដែលប្រទេសទាំងអស់ថាត្រូវតែរួមគ្នាឈរឲ្យរឹងមាំ នៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឲ្យបាន ទោះបីជាក្នុងដំណាក់កាលកូវីដ នៅសល់ឥទ្ធិពលខ្លះៗក៏ដោយ ប៉ុន្ដែយើងត្រូវតែនាំគ្នារៀបចំ ដើម្បីឲ្យជីវិតនៃចលនាកីឡាចលនាអូឡាំពិក និងជួយដល់កីឡាករ កីឡាការិនី ដែលខិតខំហ្វឹកហាត់ត្រៀមប្រកួតនេះឲ្យសម្រេចបានដល់គោលដៅរបស់ខ្លួនប្រកបដោយក្តីមោទនផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២០២១ត្រូវបានពន្យាពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល និងសម្រេចចិត្តយ៉ាងផុលផុស ជាពិសេសគឺបានការឯកភាពគ្នាទាំងស្រុងក្នុងការជួយគ្នាទៅវិញទៅមកជួយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេតច្បាស់លាស់ ឆាប់ៗខាងមុខនេះ ថាតើពីថ្ងៃណាដល់ថ្ងៃណា ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២ ជូនក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រោយដាក់សំណើរនេះជូនដល់រដ្ឋាភិបាលរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង