ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញលើកទឹកចិត្តជូនដំណើរក្រុមប្រតិភូ អត្តពលិកកម្ពុជាចេញទៅប្រកួតកីឡាអូឡាំពិក នៅជប៉ុន

78

 

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញផ្តល់កិត្តិយស នៅក្នុងពិធីសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា នៅទីស្នាក់ការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មុនប្រតិភូ និងអត្តពលិកកម្ពុជាត្រូវចេញដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដាស្អែកនេះ ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

ថ្លែងក្រោយបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្ម ដែលត្រូវដឹកនាំប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាលើ២ប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹកចូលរួមប្រកួតកីឡាអូឡាំពិកនេះមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំលឹកនូវអ្វីដែលជាការហាមឃាត់រួចរាល់ ក្នុងបរិបទថ្មីនៃការការពារកូវីដ-១៩នេះនៅក្នុងដំណើរចេញទៅដល់កន្លែងហើយការត្រឡប់មកវិញឲ្យមានសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបានលើកទឹកចិត្តយ៉ាងកក់ក្តៅបំផុត ដោយក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យប្រកួតតំណាងឲ្យជាតិ នាពេលនេះទទួលបានជោគជ័យ។ យើងដឹងហើយថា យើងទៅពេលនេះ គឺយើងទៅក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិអូឡាំពិកនៃគណៈកម្មការអូឡាំពិកអន្តរជាតិ ដែលមានកាតព្វកិច្ចប្រទេសមួយមួយជាសមាជិកត្រូវតែបញ្ជូនកីឡាករទៅចូលរួមប្រកួតនឹងបញ្ជូនតំណាងរបស់ខ្លួនចូលរួម។ ការប្រកួតអូឡាំពិក រៀងរាល់៤ឆ្នាំម្តងនេះ គឺសមាជិកត្រូវតែមានវត្តមាន នៅក្នុងពេលប្រកួតអូឡាំពិកនេះ។ «អ៊ីចឹងអត្ថន័យខ្លឹមសារនៃការចូលរួមនៅពេលនេះ ដូចឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថាក្រៅពីការចូលរួម ដើម្បីលើកទឹកចិត្តដល់ម្ចាស់ផ្ទះផង គឺចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ផង ហើយចូលរួមដើម្បីលើកទង់ជាតិកម្ពុជា និងជាសមាជិកថ្មីអូឡាំពិកចលនាអូឡាំពិកអន្តរជាតិ។ ទង់ជាតិយើងនៅទីនោះផង យើងមានការបង្ហាញជាការហែក្បួន ចូលរួមប្រកួតនៅក្នុងពិធីបើកមានទង់ជាតិ មានកីឡាករ មានប្រតិភូរបស់យើងផងដែរ ហើយអ្វីមួយដែលយើងចង់បានពីការប្រកួតលើកនេះ បើទោះបីជាការប្រកួតលើកនេះយើងមានការបារម្ភមួយចំនួនអំពីការចូលរួមអំពី ការឆ្លងរីករាលដោយ ក៏ប៉ុន្តែយើងត្រូវតែចូលរួមជាដាច់ខាតជាកាតព្វកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យចលនាអូឡាំពិកយើងបានភ្ជាប់ជាមួយនឹងចលនាអូឡាំពិកអន្តរជាតិជារៀងរាល់បួនឆ្នាំម្ដងនេះ»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យអត្តពលិកកម្ពុជាត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យការប្រកួតឲ្យបានចាប់ផ្តើមប្រកបទៅដោយសេចក្ដីថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត គោរពម្ចាស់ផ្ទះ ព្រមទាំងគោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម ដែលធ្វើឲ្យយើងទាំងអស់គ្នាស័ក្តិសមជាប្រទេស ដែលមានសន្ដិភាព អារិយធម៌ល្អ មានសុជីវធម៌ល្អជាខ្មែរ ដែលគោរពចំពោះគោលការណ៍របស់កីឡាអន្តរជាតិ ដែលជាស្តង់ដារត្រូវគោរពទាំងអស់គ្នាទូទាំងពិភពលោក។ អ្វីដែលសំខាន់សម្រាប់ប្រតិភូយើង គឺទៅដល់កន្លែងត្រូវខិតខំរៀបចំខ្លួនឲ្យមានសុវត្ថិភាពល្អ ក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ ចំពោះរឿងការដណ្តើមយកមេដាយ ឬក៏យកជ័យលាភីយើងឃើញថា សម្រាប់យើងនៅឆ្ងាយពីកម្រិតអូឡាំពិកពិភពលោកនេះ ហើយយើងសង្ឃឹមថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជានឹងអាចបំបែកកម្មខ្លួនឯង។

ជាមួយគ្នានោះ ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹកក៏សំណែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលក្រៅអំពីផ្តល់អនុសាសសន៍ណែនាំលើកទឹកចិត្តប្រកបដោយភាពកក់ក្តៅបំផុតនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់ថវិកាឧបត្ថម្ភ ក្នុងម្នាក់ៗ ៦០០ដុល្លារអារិកផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ បានទាន់ពេលវេលា ដែលនេះគឺជាការផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជាយើង ដោយឯកឧត្តមនាយបេសកកម្មបានចាត់ទុកថា ទាំងអស់នេះ គឺជាកាយវិការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបំប៉នចិត្តសាស្ត្រកីឡា សម្រាប់អត្តពលិកកម្ពុជា ក្នុងបេសកកម្មថ្មីជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ៕

អត្ថបទដែលជាប់ទាក់ទង