ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ អញ្ជើញដល់កន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូហើយ

51

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ បានអញ្ជើញដល់ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) ហើយ ដើម្បីចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ពិធីបើកនេះ មានការចូលរួមទស្សនាតែភ្ញៀវអន្ដរជាតិភាគច្រើប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុនចូលរួមទស្សនានោះទេ ប៉ុន្ដែនឹងមានការផ្សាយបន្ដផ្ទាល់ទៅគ្រប់ទូរទស្សន៍ទាំងអស់លើឆាកអន្ដរជាតិ ។ ចំពោះភ្ញៀវអន្ដរជាតិ ដែលចូលរួមពិធីបើកនេះ មានតែប្រធាន និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសទាំង ២០៦ប្រទេស រួមទាំងតំណាងសហព័ន្ធកីឡាអន្ដរជាតិទាំង ៣៣សហព័ន្ធ និងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមរៀបចំការប្រកួតប៉ុណ្ណោះ ដែលសរុបប្រមាណ ២០០ ទៅ ៣០០នាក់ ។ ក្រៅពីនេះ ក៏មានអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនផងដែរ ។

អ្វីដែលគួរឲ្យកត់សម្គាល់ពិធីបើកផ្លូវការ ដែលគ្រោងធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihide Suga នេះ ក៏មានវត្តមានភ្ញៀវពិសេសប្រធានាធិបតីបារាំង លោក Manuel Macron និងស្ដ្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោកជំទាវ Jill Biden ចូលរួមផងដែរ ហើយវត្តមានរបស់តំណាង និងថ្នាក់ដឹកនាំប្រទេសបារាំង ក៏ដូចជាសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍នេះ ក៏ព្រោះប្រទេសទាំងពីរ ត្រូវបន្ដវេណធ្វើម្ចាស់ផ្ទះពីទីក្រុងតូក្យូ ក្នុងនោះបារាំង ត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នាឆ្នាំ២០២៤ ខណៈរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នឹងធ្វើម្ចាស់ផ្ទះបន្ដវេណ នាឆ្នាំ២០២៨ ។

គួរបញ្ជាក់ថា ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នេះ ក្រៅពីការចូលរួមរបស់ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា ក៏នឹងមានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា កាន់ទង់ជាតិកម្ពុជា ក្នុងក្បួនដង្ហែរ និងអបអរសាទរពិធីបើកការប្រកួតផ្លូវការនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង