ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករលោតទឹកអាមេរិក ដើមកំណើតខ្មែរ ឡើងវគ្គផ្ដាច់ព្រ័ត្រ

95

ភ្នំពេញ៖ លោក Jordan Pisey Windleកីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ បានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរលេខរៀងទី៩ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះ ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវធ្វើការប្រកួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយកីឡាកររកបានពិន្ទុច្រើនជាងគេ ១២នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ជាលទ្ធផលកីឡាករមានដើមកំណើតពីខេត្តព្រះសីហនុ Jordan Pisey Windle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ ក្រោយរកបាន ៤០៩.៨០ពិន្ទុ ខណៈកីឡាករចិន Cao Yuan ដែលរកពិន្ទុបាន ៥១៣.៧០ឈរកំពូលតារាង ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នឹងធ្វើឡើងនាវេលាម៉ោង ១រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center ។
ទាក់ទងនឹងលើកឡើងរបស់មនុស្សមួយចំនួនដែលថាJordanគឺជាកូនខ្មែរដែរហេតុអ្វីសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសគាត់មកជួយដល់កម្ពុជា ?
សម្រាប់ការប្រកួតអន្តរជាតិ លោក ហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា ទោះបីជា Jordan គឺជាកូនខ្មែរក៏ពិតមែនប៉ុន្តែគាត់ទទួលបានការបីបាច់ថែរក្សានិងរីកធំធាត់និងរៀនហែលទឹកនៅសហរដ្ឋអាមេរិកដែលចិញ្ចឹមដោយឧ៍ពុករបស់គាត់ជាជនជាតិអាមេរិក ។បញ្ហានេះក៏វាអាស្រ័យទៅលើការសម្រេចចិត្តរបស់សាមីខ្លួន និង ក្រុមគ្រួសារគាត់។
Jordan ធំធាត់នៅអាមេរិក ហ្វឹកហាត់កីឡាលោតទឹកនៅអាមេរិក ឪពុករបស់គាត់គឺជាជនជាតិអាមេរិក ហើយយើងទើបនឹងឃើញ Jordan កាលពីឆ្នាំ២០១៥-២០១៦នេះទេ ហើយពេលនោះ គាត់មកកម្ពុជា ក្នុងគោលបំណងមកលេងស្រុកកំណើត នៅខ្មែរ ព្រោះ Jordan ត្រូវបានយកទៅរស់នៅសហរដ្ឋអាមេរិក តាំងតែពីមានអាយុ ១៨ខែមកម្លេះ។
កាលនោះ ឪពុករបស់ Jordan បាន បញ្ជាក់ថា ត្រូវការឲ្យកូនគាត់ជាប់ជាជម្រើសជាតិអាមេរិកសិន និងបានចូលរួមប្រកួតអូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ២០២០ នេះសិន ហើយទើបអាចពិភាក្សាគ្នាបន្តទៀត។ ការហ្វឹកហាត់ ការចិញ្ចឹមបីបាច់ថែរក្សាគឺជាការរ៉ាប់រងរបស់ឪពុកគាត់ហើយពេលគាត់ជាប់ជម្រើសជាតិទៅទើបគាត់អាចទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលរបស់គាត់ ។
លោក ហែមគីរីពន្យល់ថា បើកាលណា កីឡាករណាម្នាក់លេងតំណាងឲ្យជាតិណាមួយហើយ គឺកីឡាករជម្រើសជាតិរូបនោះមាន «សញ្ជាតិកីឡា» នៃប្រទេសនោះហើយ។ ជាក់ស្តែងដូច ជម្រើសជាតិលោតទឹក Jordan មាន «សញ្ជាតិកីឡា» អាមេរិក ហើយប្រសិនបើ Jordan ចង់លេងតំណាងឲ្យជាតិខ្មែរវិញ គឺត្រូវអនុវត្តទៅតាមនីតិវិធី ច្បាប់របស់គេ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នានារបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តែម្តង។ ដូច្នេះ តាមអ្វីដែលយើងធ្លាប់ជជែកគ្នា គឺថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកចង់បានកីឡាករដ៏ឆ្នើមរូបនេះមកជួយដល់កីឡាលោតទឹកកម្ពុជា រីឯសាម៉ីខ្លួន Jordan ក៏មានឆន្ទៈខ្ពស់ចង់មកជួយចូលរួមដល់ការប្រកួតតំណាងឲ្យជាតិកម្ពុជា ប៉ុន្តែវាអាស្រ័យទៅលើនីតិវិធីនានារបស់អន្តរជាតិ។
ជាកីឡាករជម្រើសជាតិម្នាក់អាចមានសញ្ជាតិកីឡាពីរបានប៉ុន្តែជម្រើសជាតិរូបនោះអាចលាលែងពីសញ្ជាតិ១ក្នុងកីឡា។ឧទា
ហរណ៍ថាគាត់គឺជាកីឡាករជម្រើសជាតិអាមេរិកគាត់ត្រូវលាលែងសញ្ជាតិកីឡាអាមេរិកពេលគាត់មកលេងតំណាងឲ្យកម្ពុជាដោយត្រូវហ្វឹកហាត់នៅកម្ពុជា រស់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំឲ្យស្រប តាមគោលការណ៍អន្តរជាតិជាដើម។
លោកអគ្គលេខាធិការ បន្ដថា សម្រាប់ Jordan ដែលបច្ចុប្បន្នជាជម្រើសជាតិអាមេរិក មិនមែនមានន័យថា ជាការបិទផ្លូវ ក្នុងការក្លាយខ្លួនមកជាជម្រើសជាតិលោតទឹកកម្ពុជានោះទេ។ ជារួមវាសំខាន់បំផុតទៅលើការសម្រេចចិត្តរបស់សាម៉ីខ្លួន និងក្រុមគ្រួសារគាត់ បើគាត់ឯកភាព នោះយើងនឹងរិះរកមធ្យោបាយទាំងអស់គ្នា ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួល Jordan មកជួយដល់ការប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត។ នៅក្នុងនោះ ក៏មិនមែនសាម៉ីខ្លួន សហព័ន្ធធ្វើតែម្នាក់ឯងដែរ គឺត្រូវពិភាក្សាគ្នាជាមួយស្ថាប័ន ពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង