ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី កំពុងស្ដារភក់កាយសំរាម និងមែកឈើចេញពីប្រឡាយមេ នៅភាគខាងជើងរាជធានី ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ

50

 

ភ្នំពេញ៖ ដោយពីមានការណែនាំពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានី
ភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាយស្ដារភក់ន កាយសំរាម និងមែកឈើចេញពីប្រឡាយមេ មួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែន សុខនិងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយ
បូមទឹកកប់ស្រូវ។
លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង
ជាអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម រាជធានីភ្នំពេញបាននិងកំពុងស្ដារប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ ម៉ែត្រទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរដល់មុខក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែន សុខនិងខណ្ឌឫស្សីកែវ ។
លោក ម៉ៅ ប៊ុនធឿន បានបន្តអោយដឹងទៀតថា លោកឃួង ស្រេង អភិបាលរាជធានី បានឲ្យមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែន សុខនិងខណ្ឌឫស្សី កែវ ដើម្បីស្ដារប្រឡាយនេះ ឲ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ។ ការងារនេះបានអនុវត្ត តាំងពីចុងខែសីហាឆ្នាំ ២០២១ ដោយយើងស្ដារ សំរាម មែកឈើ ភក់ចេញពីបាត ប្រឡាយ ។
លោកបានបញ្ជាក់ទៀតថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពី
ខណ្ឌទួលគោក ខណ្ឌសែន សុខនិងខណ្ឌឬស្សីកែវ ។ ក្រុមការងារនៃមន្ទីរធន់ធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមេមួយនេះ ជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមេឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឲ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង