ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យបដិសេធ ៖​ ការចុះផ្សាយព័ត៌មាន ករណីគំរាមចាប់ខ្លួន អ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ

100

 

ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ​បានបដិសេធចំពោះការចុះផ្សាយព័ត៌មាន ខុសពីការពិតទាំងស្រុង​ ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាមជ្ឈដ្ឋានទូទៅ​ ឱ្យបានជ្រាបច្បាស់លេីការចោទប្រកាន់ខុស ពីការពិតមកលេីសមត្ថកិច្ច​ តាមពិតជាក់ស្តែង នៅព្រឹកថ្ងៃអង្គារ​ ទី០៧​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយ អាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពន់១​ បានចុះធ្វេីរដ្ឋបាល ត្រួតពិនិត្យនៅតាមបន្ទប់ជួល នៅសង្កាត់បឹងទំពន់១​ ដោយសារមានជនសង្ស័យ លេីបទល្មេីសឆក់ រត់ចូលក្នុងទីតាំង ដូចបានបញ្ជាក់ខាងលេី​ ពេលកំពុងអនុវត្តការងារ ក៏មានយុវជន២នាក់ ចេញមកថតសកម្មភាព អនុវត្តការងាររបស់សមត្ថកិច្ច​ដោយពុំមានការអនុញ្ញាត ដោយឃេីញដូច្នេះសមត្ថកិច្ចជំនាញ ក៏បានធ្វេីការណែនាំអប់រំ​ និងឱ្យលប់រូបនេះចេញវិញ​ ដោយមិនបានធ្វេីការឃាត់ខ្លួន​ ឬដាក់ទោសអ្វីឡេីយ​ ។

ក្នុងនាមសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការអំពាវនាវ ដល់គ្រប់សារព័ត៌មានជាតិ​ អន្តរជាតិ​ និងសាធារណជនទាំងអស់​ មុននឹងធ្វេីការផ្សព្វផ្សាយព័ត៌មាន សូមធ្វេីការស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយ​ ដោយកុំធ្វេីការសន្និដ្ឋាន ដោយអត្តនោម័ត​ ដែលធ្វេីឱ្យប៉ះពាល់ដល់កិត្តិយស របស់កងកម្លាំងនគរបាលជាតិ​ និងធ្វេីឱ្យមានការវាយតម្លៃអវិជ្ជមាន ចំពោះកិច្ចប្រតិបត្តិការ របស់សមត្ថកិច្ច​ ដែលអំពេីនេះ គួរតែត្រូវបានបញ្ឈប់ជាបន្ទាន់​ ​ ៕

អត្ថបទដែលជាប់ទាក់ទង