ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយដែលបន្លំខ្លួន ជាសន្តិសុខលួចយក រថយន្តរបស់ជនរងគ្រោះ ពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលតាមក្របួចបានរហូតដល់ ស្រុកគីរីវង់

391

ខេត្តតាកែវ៖កាលពីថ្ងៃសៅរ៍ ៩រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័​ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០​២១ វេលាម៉ោង ២១និង២២ នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយ​មានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង រួមទាំងបានការសម្រប​សម្រួល​លើនីតិវិធីពី ឯកឧត្ដម ជីវ ចន្ទតារ៉ា ព្រះរា​ជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ​យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានកម្លាំង ការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុង ញីវ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សា​រ៉ាត់ ប្រតិបត្តិការបង្ក្រាបករណីលួច(យករថយ​ន្ត ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួ​ន ០១ នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេ​ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយរថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។

សូមជម្រាបជូនថា មូលហេតុឈានដល់ការឃាត់​និងនាំខ្លួនមុខសញ្ញាជាជនសង័្សយខាងលើនេះគឺកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង២០ នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិត​នៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និយាយកុហកទៅជន​រ​ងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អា​យុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឱ្យជនរងគ្រោះប្រគល់កូនសោររថយន្តឱ្យខ្លួន បើកយកទៅទុកនៅកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ នៅក្នុងខណៈ​ដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់គាត់មកកាន់មន្ទីរពេទ្យនេះ។

នៅពេលដែលជនរងគ្រោះប្រគល់កូនសោររថ​យន្តឱ្យហើយ ជនសង្ស័យក៏បានបើករថយន្តនេះចេញទៅបាត់រហូត ហើយពេលបន្ទាប់មក ក៏មាន​ករណីឆោឡោអំពីសកម្មភាពរបស់ជនសង័្សយខាងលើ បន្លំខ្លួនជាសន្តិសុខមន្ទីរពេទ្យ​ ដោយលួចយករថយន្តរបស់អតិថិជនដែល មកពិគ្រោះជម្ងឺនៅមន្ទីរពេទ្យ ដែលតាមរយៈការឆោរឡោ​នេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗចូល​មកសមត្ថកិច្ចនគរបាល ផែនការងារននគរបាល​ព្រហ្មទ័ណ្ឌ ដើម្បីស្វែងរកជនសង័្សយខាងលើ ។
– រថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។

នៅក្រោយពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល​បានធ្វើសកម្មភាពស្រាវជ្រាវស្វែងរកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០​២១ ទើបសមត្ថកិច្ច ស្វែងរកឃើញនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ និងដកហូតបានរថយន្ត ម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 ( ជារថយន្តរបស់ជនរងគ្រោះ)នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជន​សង័្សយកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ ការបន្តតាមនីតិវិធី រីឯរថយន្តត្រូវប្រគល់ជូនជន​រ​ងគ្រោះវិញ។

ជាមួយនឹងរឿងហេតុដ៏កម្រកើតមាននេះ ក្នុងនាម​លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការរំលឹកចំពោះម្ចាស់ទីតាំងប្រកបអាជីវកម្មដ្ឋាននានា នៅក្នុងខេត្តបាត់ដំបងសូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ចំ​ពោះសមាសភាពណាមួយដែលជ្រៀតបន្លំខ្លួនចូលមកធ្វើសកម្មភាពជា(សន្តិសុខឬ ជាអ្នក​យាម)នៅក្នុងទីតាំងរបស់ខ្លួន ដែលតាម ពិតរូបគាត់មិនមែនជា(សន្តិសុខឬអ្នកមានភារកិច្ច)នៅទីនោះហើយធ្វើសកម្មភាពប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់ទ្រព្យ សម្បត្តិម្ចាស់ទីតាំងឬទ្រព្យសម្បត្តិរបស់អតិថិជនរបស់ខ្លួនដែលមានវត្តមាននៅទីតាំងអាជីវកម្មនោះ ។

ម៉្យាងទៀតក៏សូមរំលឹកដាស់តឿនដល់ ប្រជាពល​រដ្ឋ ទូទៅ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំ​ពោះ​សកម្មភាពណាមួយ មុនពេលប្រគល់សម្ភារៈ​ឬវត្ថុមានតម្លៃឱ្យទៅគេ ដើម្បីចៀសវាងនូវសកម្មភាពដូចករណីខាងលើនេះស្រាប់៕

អត្ថបទដែលជាប់ទាក់ទង