ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រើប្រាស់គ្រឿងស្រវឹង ហួសកម្រិត បណ្តាលឱ្យកើតជំងឺមហារីក ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម

102

ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត គឺជាកត្តាហានិភ័យមួយ ដែលអាចបណ្តាលឱ្យកើតជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។

លោក មុំ គង់ បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងពិធីប្រគល់រង្វាន់ដល់បេក្ខជនជាប់ជ័យលាភី ការប្រកួតប្រជែងគូរគំនូរ ស្ដីពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលបានធ្វើឡើងក្រោមវត្តមានលោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។

លោក មុំ គង់ បានបន្ថែមថា អង្គការអង្គការចលនាដើម្បីសុខភាពកម្ពុជា ចង់ឲ្យមានច្បាប់ និងលិខិតកិត្តិយុត្តិផ្សេងៗ ស្ដីពីការប្រើប្រាស់គ្រឿងស្រវឹង ហើយមិនមែន ដើម្បីមិនឲ្យមានចរាចរណ៍គ្រឿងស្រវឹងនៅកម្ពុជាទេ ប៉ុន្ដែចង់ឲ្យការប្រើបាស់ស្ថិតក្នុងបរិបទមួយដែលមានគ្រោះថ្នាក់ទិចបំផុតដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

លោកស្រី ឆាយ គឹមសុទ្ធាវី បានឱ្យដឹងដែរថា កម្មវិធីប្រកួតគូរគំនូរនេះធ្វើឡើងក្នុងគោលបំណង បំផុសការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿង ស្រវឹង ដល់សិស្សនិស្សិត និងយុវជន ពិសេសនោះគាំទ្រឲ្យមានវិធានការ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ក្នុងចំណោមសិស្សនិស្សិត និងយុវជនផងដែរ។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីលេខ១ បានទៅលើយុវជនឈ្មោះ ជ័រ ម៉េងស៊ាង មកពីខេត្តព្រះសីហនុ ទទួលបាន Computer ១គ្រឿង និងថវិកា ១លានរៀល, ជ័យលាភីលេខ២ បានទៅលើយុវជនឈ្មោះ ជា វង្សនរិន្ទ មកខេត្តសៀមរាប ទទួលបាន Computer ១គ្រឿង ថវិកា ៦០ម៉ឺនរៀល និងជ័យលាភីលេខ៣ បានទៅលើយុវនារី ឈ្មោះ នី ស្ទីនណា មកពីខេត្តស្ទឹងត្រែង ទទួលបានទូរសព្ទដៃ ១គ្រឿង និងថវិកា ៤០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង