ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងអភិវឌ្ឍន៍សង្កាត់ សម្រាប់ឆ្នាំ ២០២១ របស់រដ្ឋបាលខណ្ឌ ព្រែកព្នៅត្រូវបានដាក់ដេញថ្លៃប្រកប ដោយមានការចូលរួម ពីក្រុមហ៊ុនឯកជនជាច្រើន ,លោកហួត ហៃ អធិបតី

79

 

ភ្នំពេញះ គម្រោងអភិវឌ្ឍន៍សង្កាត់ ដែលប្រើប្រាស់នូវថវិកាមូលនិធិសង្កាត់ របស់រាជរដ្ឋាភិបាល សម្រាប់ខណ្ឌព្រែកព្នៅ ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃប្រកបដោយតម្លាភាពនិងមានការចូលរួមពីក្រុមហ៊ុនឯកជននិងអ្នកពាក់ព័ន្ធជាច្រើន នៅសាលាខណ្ឌព្រែកព្នៅ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោល ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនៅក្នុងឱកាសបើកការដេញថ្លៃ គម្រោងអភិវឌ្ឍន៍សង្កាត់របស់រដ្ឋបាលខណ្ឌព្រែកព្នៅដែលបានរៀបចំធ្វើនាព្រឹកថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះថា ការដាក់ឱ្យដេញថ្លៃនេះ ជាការបើកឱកាសឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយតម្លាភាពនិងមានការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកសាងសមិទ្ធិផលក្នុងមូលដ្ឋានសង្កាត់នីមួយៗឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកអភិបាលរងរាជធានីភ្នំពេញបានស្នើដល់ក្រុមហ៊ុនដែលដេញថ្លៃបាន ក៏ដូចជាអ្នកមានតួនាទីពាក់ព័ន្ធទៅនិងការអភិវឌ្ឍមូលដ្ឋាននេះ សូមធ្វើការទទួលខុសត្រូវទាំងគុណភាព សុវត្ថិភាព និងផ្ដល់ការជឿជាក់ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ម្យ៉ាងទៀត ដើម្បីឲ្យដំណើរការនេះ ប្រព្រឹត្ត ទៅជាសាធារណៈប្រកបដោយភាពរលូនមានតម្លាភាព គណនេយ្យភាព យុត្តិធម៌អាចជឿទុកចិត្តបាន សូមឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងការដេញថ្លៃនាពេលនេះ ត្រូវតែប្រកាន់យកនឹងគប្បីត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទួលម៉ៅការ។ ត្រូវស្គាល់ពីទីតាំងនិងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ជាពិសេសពិចារណាអោយបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។
ក្រោយការដេញថ្លៃបាន ត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ ក្នុងការអនុវត្តគម្រោង។បន្ថែមពីនេះ ក៏ត្រូវតែធានាសុវត្ថិភាពការដ្ឋាននិងសុវត្ថិភាពសាធារណៈចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋានផងដែរ។

លោក សុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅបានសម្ដែងនូវការព្រួយបារម្ភ ចំពោះគុណភាព ការដ្ឋានក្រោយដឹងថា តម្លៃនៃការដេញថ្លៃមានលក្ខណះទាប បើធៀបទៅនឹងគម្រោងក្នុងឆ្នាំកន្លងទៅ។ហើយលោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាសង្កាត់ត្រូវចូលរួមពិនិត្យនិងតាមដាននូវរាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឹងម៉ាត់បំផុត ដើម្បីឱ្យធានាថា លទ្ធផលនៃការអភិវឌ្ឍគម្រោងនេះមានប្រសិទ្ធភាពខ្ពស់ និងមានគុណភាពយូរអង្វែង ឆ្លើយតបទៅនឹងការផ្ដល់ជំនឿចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតរបស់យើង។
លោក សុខ សម្បត្តិ បានបញ្ជាក់ទៀតថា សមិទ្ធិផលទាំងនេះ បានធ្វើឲ្យភូមិសាស្រ្តរបស់យើងមានការអភិវឌ្ឍន៍និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាក ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំងមូល ពិសេសធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្តៅ លើការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំពីសំណាក់លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលើការអភិវឌ្ឍមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល។

សូមបញ្ជាក់ផងដែរថាសម្រាប់ការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់ ក្នុងខណ្ឌព្រែកព្នៅនេះ មានក្រុមហ៊ុនចំនួន8 បានចូលរួមធ្វើការដេញថ្លៃ ដែលក្នុងនោះ សង្កាត់ព្រែកព្នៅ បានទៅក្រុមហ៊ុន សុធិរាជ ឃិន ក្នុងតម្លៃដេញបានជាង 31 លានរៀល សង្កាត់ ពញ្ញាពន់ បានទៅក្រុមហ៊ុនជួនអេង ក្នុងតម្លៃជាង 22 លានរៀលសង្កាត់ពន្សាំង បានទៅក្រុមហ៊ុន សុធិរាជ ឃិន ក្នុងតម្លៃដេញបានជាង 58 លានរៀល និងសង្កាត់គោករកា បានទៅក្រុមហ៊ុនជួនអេង ក្នុងតម្លៃដេញបានជាង 57 លានរៀល៕

អត្ថបទដែលជាប់ទាក់ទង