ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវរងាជាច្រើនម៉ឺនអាវ ដែលជាអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូនកងកម្លាំង ប្រដាប់អាវុធ កំពុងឈរ ជើងនៅទិសទី១ ប្រាសាទព្រះវិហារ

33

ព្រះវិហារ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ រួមនិងអាជ្ញាធរជាតិ ប្រាសាទព្រះវិហារ ដែលស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអាវរងាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយ: លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក តំណាង លោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

អាវរងាច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលត្រូវនាំយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ បានធ្វើឡើងកាលពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២១ នៅទី
បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិស ទី១ ប្រាសាទព្រះវិហារ ។

កងកម្លាំងប្រដាប់អាវុធ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងអស់បានសម្តែង នូវការគោរពដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ទាំងនៅជួរមុខ និងនៅជួរក្រោយ មិនតែប៉ុណ្ណោះ សម្តេច ថែមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ហូបចុកបន្ថែម លើគោលរបប ៣ពាន់រៀល ក្នុង១ថ្ងៃ សម្រាប់កងទ័ពម្នាក់ ថែមទៀតផង។

លោកឧត្តមសេនីយ៍ឯកស្រី ឌឹក បានបញ្ជាក់ថា ការគិតគូរ យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ មកដល់កងកម្លាំងទាំងអស់ ទាំងពេលកន្លងមក និងនៅពេលនេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព ឱ្យកាន់តែមានជីវភាពប្រសើរឡើងមួយកម្រិត ទៀត។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពទាំងអស់ បានប្តេជ្ញារួចជាស្រេចដោយឥតងាករេ នូវចិត្តស្មោះត្រង់ បម្រើ និងការពារ សម្តេចទាំងពីរ និងក្រុមគ្រួសារ នៅគ្រប់កាលៈទេសៈ ជាពិសេស ត្រូវតែការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបាន កើតចេញពីការ បោះឆ្នោត ដោយសេរី និងយុត្តិធម៌ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង