ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលប្រយោជន៍ចំនួន៣ ក្រុមប្រឹក្សាកីឡាអូឡាំពិក អាស៊ីផ្តល់ឲ្យកម្ពុជា

383

 

ភ្នំពេញ៖ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានផ្តល់ផលប្រយោជន៍ចំនួន៣ដល់កម្ពុជានៅក្នុងមហាសន្និបាតពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះជាការបញ្ជាក់របស់ឯកឧត្តមវ៉ាត់ចំ រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឱកាសអមដំណើរឯកឧត្តម
ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានNOCC និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ផលប្រយោជន៍ទាំង៣នោះរួមមានគឺទី១៖កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីក្នុងនាមជាសមាជិកពេញសិទ្ធិ។ ទី២៖គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥នាឆ្នាំ២០២៩ ។

ទី៣៖គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិកដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបាន
សម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិកនៅពហុកីឡដ្ឋានជាតិមរតេកតេជោដែលជាមជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយផ្ទុកនូវឯកសារប្រវត្តិនៃចលនាអូឡាំពិកជាតិរបស់យើងហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញសម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗអ្នកល្បីល្បាញនៅលើពិភពលោកទៀតផង។នេះគេហៅថាជំនួយផ្នែកការអប់រំអូឡាំពិក ឬ «សារមន្ទីរអូឡាំពិក» ។

ឯកឧត្តមអគ្គលេខាធិការចាត់ទុកថានេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនដែលអនុញ្ញាតឲ្យគណៈប្រតិភូកីឡាកម្ពុជាចូលរួមក្នុងបេសកកម្មនាពេលនេះទទួលបានលទ្ធផលជោគជ័យប្រកបដោយមោទនភាពបំផុត»។ នេះជាការលើកឡើងបន្ថែមរបស់ឯកអគ្គលេខាធិការ វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា នៅក្នុងពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេសនៃទ្វីបអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង