ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វី សុភ័ស ប្រជែងឈ្នះ ប្រាក់លាននៃព្រឹត្តិការណ៍Ultimate Boxing Championship 2021

65

ភ្នំពេញ៖ ទីបំផុតអ្នកប្រដាល់ វី សុភ័ស បានឈ្នះជើងឯក គូដណ្តើមប្រាក់លាន ក្រោយយកឈ្នះអ្នកប្រដាល់ ទូច ដេវីត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship 2021 សប្តាហ៍ទី៦ ដែលជាសប្តាហ៍បញ្ចប់ប្រចាំឆ្នាំ២០២១។

អ្នកប្រដាល់ វី សុភ័ស ជាអ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងអ្នកប្រដាល់ ទូច ដេវីតក៏ជាអ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបអារុណរះកីឡា ។ នៅក្នុងការប្រកួតដ៏ជក់ចិត្ត នៅវគ្គផ្តាច់ព្រ័ត្រនេះ វី សុភ័ស ប្រជែងបានម្ចាស់ជើងឯកគូដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល ខណៈជើងឯករង ទូច ដេវីត ទទួលបានប្រាក់រង្វាន់ ១លានរៀល។

វី សុភ័ស និយាយក្រោយបញ្ចប់ការប្រកួតថា ការប្រកួតនេះ ពិតជាស្វិតស្វាញណាស់ ជាពិសេសចាប់ពីទឹកទី២ទៅ ទូច ដេវីតដែល ជាជើងខ្លាំងបានព្យាយាមវាយបកយ៉ាងខ្លាំងក្លា ប៉ុន្តែ សុភ័ស ព្យាយាមគេច ហើយប្រើបច្ចេកទេសវាយឆ្មក់ចំៗគោលដៅបានល្អជាងទើបធ្វើឪ្យ គេទទួលបានពិន្ទុ នាំមុខគ្រប់ទឹកទាំងហើយបានឈ្នះជើងឯកនៅវគ្គផ្តាច់ព្រ័ត្រនេះតែម្តង។ គេបន្តថាថា ការប្រកួតនេះពិតជាសំខាន់សម្រាប់ រូបគេដែលមិនត្រឹមតែដណ្តើមបានប្រាក់រង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំណេញបានទាំងបច្ចេកទេសកាន់តែច្រើនព្រោះការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកាន់តែល្អ គឺដោយសារមានការប្រកួតកាន់តែច្រើន ព្រមទាំងបន្ថែមបាននូវគុណភាពបច្ចេកទេសកាន់តែខ្ពស់ រួមទាំងបទពិសោធន៍លើសង្វៀនទៀតផង។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងថា នេះជាសប្តាហ៍ទី៦ និងជាសប្តាហ៍ចុងក្រោយ នៃព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ដែលជាគោលដៅបង្កើនបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម២លើកចំពោះមុខនោះគឺយើងអាចវាយតម្លៃជារួមថាវាជាជោគជ័យដ៏ត្រចេះត្រចង់។អ្វីដែលទទួលបានពីការខិតខំរៀបចំការប្រកួតនេះ គឺទី១ យើងទទួលបានអត្ថប្រយោជន៍នៃការពង្រឹងកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៣ទៅ២៦ខែធ្នូឆ្នាំ២០២១។ទី២គឺជួយជំរុញឲ្យក្រុមជម្រើសជាតិកាន់តែមានបច្ចេកទេសគ្រប់គ្រាន់ត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង
មេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថាបណ្តាស្ថានីយទូរទស្សន៍នានាបានចាប់អារម្មណ៍លើការដាក់បញ្ជូលនូវប្រភេទកីឡាប្រដាល់សកលនៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍របស់ខ្លួនដោយទាំងអស់នេះគឺជាសមិទ្ធផលថ្មីៗបន្ថែមដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបាន ពីការរៀបចំ Ultimate Boxing Championship 2021 ជាលើកដំបូងនេះ៕

អត្ថបទដែលជាប់ទាក់ទង