ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

NOCC អំពាវនាវឲ្យមហាជន ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២២

139

 

CAMSOC-ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈការចុះឈ្មោះនៅតែបន្តទទួលរយៈពេល១សប្តាហ៍ទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងថា គណៈកម្មការរៀបចំទិវានេះ ទទួលបាននូវការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការរៀបចំព្រឹត្ដិការណ៍កីឡាទេសចរណ៍ឡើងវិញ ជាពិសេសគឺទិវារត់ប្រណាំងអន្តរជាតិអង្គរនេះ។ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងបរទេសនៅក្នុងស្រុក ដែលបានចុះឈ្មោះ ក៏ដូចជាមិនទាន់ចុះឈ្មោះ អាចចុះឈ្មោះចូលរួមរត់ប្រណាំងបាន ដោយការទទួលចុះឈ្មោះនេះ នៅបន្តរយៈពេល១សប្តាហ៍ទៀត ទើបបិទបញ្ជី ហើយនាំគ្នាទៅមើលមុខមាត់ថ្មីនៃតំបន់អង្គរវត្ត ប្រកបដោយភាពស្រស់ស្អាត ភាពបៃតង សួនច្បារជាដើម ដែលយើងទាំងអស់គ្នា អាចទៅកម្សាន្តផង រត់ប្រណាំងដើម្បីសុខភាពផង។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា អ្វីដែលពិសេសនៃទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ឆ្នាំ២០២២នេះ គឺការស្តារឡើងវិញនូវវិស័យកីឡា-ទេសចរណ៍ សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗពីវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ដើម្បីជួយជ្រោមជ្រែងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារឡើងវិញ ទៅលើព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងផ្តល់មកវិញនូវការងារ ការរីកចម្រើននូវផ្នែកសេដ្ឋកិច្ចសង្គម និងសេចក្តីសង្ឃឹមជាបន្តបន្ទាប់នាថ្ងៃមុខទៀត។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន Manulife និងដៃគូឧបត្ថម្ភគាំទ្រទាំងអស់ ប្តេជ្ញាចិត្តនឹងធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែធំ និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នករត់ប្រណាំងអន្តរជាតិ ឲ្យបានច្រើនបន្ថែមទៀត គឺឲ្យបានចំនួនដូចដើម (ជាង១ម៉ឺននាក់ មុនកូវីដ-១៩) ក្នុងពេលខាងមុខឆាប់ៗ និងបង្កើនឲ្យបានលើសក្នុងរង្វង់ចន្លោះពី ២ម៉ឺននាក់ ទៅ ៣ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ ឬ១០ឆ្នាំខាងមុខ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុន Manulife ថ្លែងថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា។ យើងមានមោទនភាពជាខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរនេះ។ «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ២០១៤មក ហើយកា្លយជាផ្នែកមួយក្នុងការជួយឲ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើង មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរមួយ។ ឆ្នាំនេះ យើងមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់ លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលប៉ុណ្ណោះទេ ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេស និងសេដ្ឋកិច្ចសារជាថ្មីឡើងវិញ ដោយធ្វើការសហការយ៉ាងជិតស្និទជាមួយនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ»។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួសរាន់ចុះឈ្មោះចូលរួមរត់ប្រណាំងនេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដោយគណៈកម្មការបើកទទួលការចុះឈ្មោះ១សប្តាហ៍បន្ថែមទៀត។

ពេលនេះ មានអ្នកចុះឈ្មោះជិត ២,០០០នាក់ ដូច្នេះ លោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រការរៀបចំទិវានេះឡើងវិញ តាមរយៈការចុះឈ្មោះចូលរួមរត់ប្រណាំងឲ្យបានច្រើនបន្ថែមទៀត។ កាលពីពេលកន្លងទៅ គណៈកម្មការកំណត់ចំនួនអ្នកចូលរួម ២,៥០០នាក់ប៉ុណ្ណោះ ដើម្បីបង្ការការការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ មិនកំណត់តាមចំនួននេះទេ ដោយបើកទូលាយច្រើនជាងចំនួនកំណត់ពីមុន៕

អត្ថបទដែលជាប់ទាក់ទង