ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណយ ផាណា៖ វគ្គបណ្តុះបណ្តាលនេះ ដើម្បីតម្រង់ទិស ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

92

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោកណយផាណាបានលើកឡើងថា«វគ្គបណ្តុបណ្តាល គឺជាចំណែកដ៏សំខាន់ ក្នុងការបញ្ជ្រាបចំណេះដឹង ដល់គ្រូបង្វឹកកីឡាកាយសម្ព័ន្ធដើម្បីដើរឲ្យទាន់ បច្ចុប្បន្នភាពរបស់អន្តរជាតិក៏ដូចជាបន្តដំណើរការ អភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា»។
នេះជាការបញ្ជាក់របស់លោក នៅក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីថ្ងៃទី១-៧ ខែធ្នូ ឆ្នាំ២០២១ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

ក្នុងនាមជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះ លោក ណយ ផាណា បានបន្ថែមទៀតថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជ្រាបចំណេះដឹងជូនដល់ដល់ គ្រូបង្វឹកហើយគ្រូបង្វឹកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងយកចំណេះដឹង នៃក្បួនច្បាប់ថ្មីៗទាំងនេះទៅបង្ហាត់បង្រៀន ដល់កីឡាករ កីឡាការិនីកាន់តែរីកចម្រើន និងដើរទាន់ការអភិវឌ្ឍន៍ថ្មីៗរបស់ប្រភេទ កីឡាកាយសម្ព័ន្ធអន្តរជាតិ។

លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ នឹងជួយជំរុញការអភិវឌ្ឍឲ្យកាន់ តែល្អប្រសើរ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាយើង ខណៈគោលការណ៍ថ្មីៗនេះ ក៏ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នៅប្រទេសវៀតណាមនឹងយកទៅ អនុវត្តតាមការវិវឌ្ឍថ្មីនៃប្រភេទកីឡាកាយសម្ព័ន្ធនេះដែរ។
វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅ លើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់ បានបើកបង្រៀនច្រើនវគ្គមកហើយ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមជាគ្រូឧទ្ទេសលោកក៏បានចែក រំលែកនូវចំណេះដឹងថ្មីៗបន្ទាប់ពីលោក បានចូលរួមសន្និបាត សហព័ន្ធកីឡាកាយសម្ព័ន្ធលើកទី៨៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសទួរគី គឺសហព័ន្ធអន្តរជាតិនេះបាន អនុម័តទៅ លើការផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ស្របពេលដែលក្បួនច្បាប់នៃ អាអេរ៉ូប៊ិកផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ ដូច្នេះលោកបានខិតខំជំរុញឲ្យវគ្គនេះធ្វើឡើងឲ្យបានលឿន។
ជាមួយគ្នានោះ លោកអគ្គលេធិការ ក៏បានបង្ហាញនូវភាពកក់ក្តៅក្រៃលែង ចំពោះការយកចិត្តទុកខ្ពស់ របស់ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលឯកឧត្តមបណ្ឌិតតែងតែ ប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធជានិច្ច។

ក្នុងបរិបទជំងឺកូវីដ ១៩នេះឯកឧត្តមបណ្ឌិតក៏តែងតែក្រើនរំឭកឲ្យ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានការសុខាភិបាលដើម្បីបង្ការពីជំងឺ
កូវីដ ១៩ជាសកលនេះជាពិសេស គឺឯកឧត្តមបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា សុខភាពឲ្យបានល្អក្នុងវគ្គសិក្សានេះ និងបន្តភ្ជាប់
ការរៀបចំប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើស ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ នៅខេត្តកំពង់ឆ្នាំង ពីថ្ងៃទី៨ដល់១៣ធ្នូ ឆ្នាំ២០២១។
ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជា លោកណយផាណា បានបង្ហាញការគោរពដ៏ជ្រាលជ្រៅបំផុត ចំពោះប្រមុខារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ហើយក្នុងនោះវិស័យកីឡាកាយសម្ព័ន្ធ ក៏មានឱកាសបានបន្តដំណើរការ អភិវឌ្ឍឲ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសគឺគោលដៅ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង៕

អត្ថបទដែលជាប់ទាក់ទង