ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលី អ៊ូមើត ធ្វើបានយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍ Jet Ski Pro Tour 2021 ជុំទី៣នៅប្រទេសថៃ

349

ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានគ្រងចំណាត់ថ្នាក់លេខ១ ជាមួយការធ្វើបាន Perfect Games (ល្អឥតខ្ទោះ) ក្រោយដណ្ដើមលេខ១ ទាំង៤ជុំ ក្នុងការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី៣ (ជុំធំ) នៅប្រទេសថៃក្នុងការប្រកួត កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។

ក្នុងការប្រកួតជុំទី៣នេះកីឡាករកម្ពុជារូបនេះធ្វើបានល្អខ្លាំង បើធៀបនឹងការប្រកួត២ជុំកន្លងមក ពិសេសជុំទី២ ដែលមានបញ្ហាម៉ូតូ អំឡុងពេលប្រកួតតែការប្រកួតលើកនេះ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកបច្ចេកទេស មុនចាប់ផ្ដើមការប្រកួត និងក្រោយចប់ការប្រកួតជុំនីមួយៗទើបគេធ្វើបានល្អបែបនេះ។

សាលី អ៊ូមើត និយាយថា «ជុំទី៣នេះ ខ្ញុំធ្វើបានល្អ ដោយសារម៉ូតូអត់មានបញ្ហា ព្រោះក្រោយចប់ការប្រកួតជុំនីមួយៗ អ្នកបច្ចេកទេសបានត្រួតពិនិត្យជាប្រចាំរយៈពេល ២ថ្ងៃ ដែលធ្វើឲ្យរូបគេធ្វើបាន Perfect Games នៅពេលនេះ។ និយាយរួម គេដណ្ដើមបានលេខ១ ទាំង៤ជុំ គេហៅថា Perfect Games ហើយការធ្វើបាន Perfect Gamesនេះ គឺកម្រមានអ្នកធ្វើបានណាស់» ។

សូមបញ្ជាក់ថា អ៊ូមើត បានប្រកួតវិញ្ញាសា Pro Am Ski Modified ដែលកាលពីជុំទី១ ក៏ខ្លួនដណ្ដើមបានចំណាត់ថ្នាក់លេខ១ដែរ តែជុំទី២ កាលពីចុងខែមុន គេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីម៉ូតូខ្លួនមានបញ្ហា មិនអាចបន្ដការប្រកួតបាន ដែលពេលនោះប្អូនជីដូនមួយ មីន មូស្ដាន ទទួលបានលេខ១។ ប៉ុន្ដែនៅជុំទី៣នេះ អូមើត បានដណ្ដើមចំណាត់ថ្នាក់លេខ១ មកវិញ គ្រាដែល មូស្ដាន បានធ្លាក់ទៅឈរលេខ៣។
ដោយឡែកកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៣រូបទៀត ក៏ធ្វើបានល្អប្រសើរផងដែរ រួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៤ ដូចគ្នា លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ។ រីកីឡាករ មីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់លេខ៦។

អ៊ូមើត សង្កត់ធ្ងន់ថា ជារួមការប្រកួតនេះ សម្រាប់កីឡាករវ័យក្មេងកម្ពុជាផ្សេងៗ គឺមិនផ្ដោតសំខាន់លើលទ្ធផលនោះទេ អ្វីដែលសំខាន់ គឺបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាព ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង