ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទាញព្រ័ត្រខេត្តកំពត និងខេត្តបាត់ដំបង គ្រងម្ចាស់ជើងឯកបុរស-នារី ជើងឯកថ្នាក់ជាតិ ២០២១

64

ភ្នំពេញ៖សមាគមកីឡាទាញព្រ័ត្រខេត្តកំពតបានគ្រងម្ចាស់ជើងឯកលើវិញ្ញាសាផ្នែកបុរសចំពោះសមាគមកីឡាទាញព្រ័ត្រខេត្ត
បាត់ដំបង គ្រងម្ចាស់ជើងឯកផ្នែកនារី ក្នុងការប្រកួត កីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅសាលាគរុកុសល្យ និងវិក្រឹតការខេត្តកណ្តាល បន្ទាប់ពីក្រុមជ័យលាភីមេដាយមាសទាំងពីរក្រុម បានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

ជ័យលាភីលើវិញ្ញាសាទាំងពីរ (បុរស-នារី) នេះ រួមមាន ការប្រកួតទាញព្រ័ត្រផ្នែកបុរស ៤នាក់ ទល់ ៤នាក់ លើទម្ងន់ ៣០០គីឡូក្រាម៖ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករនៃសមាគមកីឡាទាញព្រ័ត្រខេត្តកំពត, លេខ២ សមាគមទាញព្រ័ត្រខេត្តបាត់ដំបង និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកណ្តាល។ ផ្នែកនារី ៤នាក់ ទល់ ៤នាក់ លើទម្ងន់ ២៥០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនីសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង, លេខ២ សមាគមទាញព្រ័ត្រខេត្តស្វាយរៀង និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកំពត។

អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធ គូសបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ មានសមាគមចូលរួមសរុបចំនួន ៩រាជធានី-ខេត្ត ដោយមានកីឡាករ កីឡាការិនិ ប្រតិភូ គ្រូបង្វឹក សរុបចំនួន ១០១នាក់។

ឆ្លងតាមការប្រកួត ដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រើអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងនោះ លទ្ធផលបច្ចេកទេសប្រកួតរយៈពេល២ថ្ងៃ កន្លងមកនេះ ទទួលបានប្រកបដោយគុណផលល្អ ដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក៏បានប្រកាសការអបអរសាទរខួបនៃការដាក់បញ្ជូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង