ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងអគារលំហាត់ប្រាណ ត្រូវបានទូតជប៉ុន ប្រគល់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

265

ភ្នំពេញ៖ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយមានបំពាក់សម្ភារបរិក្ខារពីរដ្ឋាភិបាល-ប្រជាជនជប៉ុន ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

គម្រោង «អភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាគ្រឹះស្ថានឧត្តមសិក្សា» ត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្រោមជំនួយឥតសំណងនៃរាជរដ្ឋាភិបាលជប៉ុន។ គម្រោងនេះ បានចាប់ផ្តើមដំណើរការចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលមានរយៈពេល៣ឆ្នាំ។

ផ្លូវរត់អត្តពលកម្ម តាមរយៈជំនួយឥតសំណង គូសាណូណិ មានតម្លៃសរុបចំនួន ៩០,៦៤០ ដុល្លាអាមេរិក។ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយបំពាក់សម្ភារបរិក្ខារ ជាមួយនិងសម្ភារកីឡាមួយចំនួនដូចជា៖ ក្តារស្នោហែលទឹក កម្រាលយ៉ូហ្គា balance ball បាល់ទាត់ បាល់ទះ បាល់បោះ គ្រាប់ប៊ូល តុវាយកូនឃ្លីលើតុ និងថវិកាសម្រាប់ធ្វើឧបករណ៍រក្សាទុកខ្សែបន្ទាត់អាងហែលទឹក ដែលជាជំនួយឥតសំណង សម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចាប់តាំងពីឆ្នាំ២០១៩ និងឆ្នាំ២០២១ ដែលមានតម្លៃសរុបចំនួន ៧២១,៥០៥.៨៦ ដុល្លាអាមេរិក។

ស្បែកជើងកីឡាសម្រាប់គរុនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៧០គូ ជាអំណោយរបស់ Fujisawa Minami Rotary Club ក្រោមការសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។
ឯកឧត្តម MIKAMI Masahiro បានលើកឡើងថា សមិទ្ធផលហេដ្ឋារចនាសម័ន្ធកីឡាទាំងអស់នេះ វានឹងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុងបរិយាកាសសមស្រប ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យនិស្សិតកម្រិតថ្នាក់អប់រំកាយ និងកីឡា ប្រកបដោយគុណភាព ទៅចែករំលែកនៅតាមបណ្តាសាលារៀននានា នៅក្នុងប្រទេស នៅពេលពួកគេបានបញ្ចប់ការសិក្សា។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា ថ្នាក់អប់រំកាយ មិនត្រឹមតែផ្តល់ឲ្យសិស្ស នូវភាពសកម្មផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្រៀនពីសារសំខាន់ នៃការងារជាក្រុម ការអនុវត្តតាមបទបញ្ញត្តិ និងស្មារតី នៃការលេងដោយយុត្តិធម៌តាមរយៈសកម្មភាពជាក្រុម។

បទពិសោធន៍ដែលទទួលបានតាមរយៈការយល់ដឹងនិងការរៀនសូត្រជាមួយមិត្តរួមថ្នាក់ នឹងក្លាយជាទ្រព្យសម្រាប់ជីវិត។ ឯកឧត្តម សង្ឈឹមជឿជាក់ថា សមិទ្ធផលទាំងអស់នេះ នឹងត្រូវបានប្រើប្រាស់យូរអង្វែង និងជានិមិត្តរូបរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារថ្មីៗ របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងគូសាណូណ៌ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយឧបត្ថម្ភជាផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ ព្រមទាំងអាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយមានបំពាក់សម្ភារបរិក្ខា សម្ភារកីឡា និងការរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្រ សិល្បៈមនុស្សសាស្រ្ត ឯកទេស អប់រំកាយ ការអភិវឌ្ឍធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕

អត្ថបទដែលជាប់ទាក់ទង