ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតកីឡាមហាជន ជ្រើសរើសជើងខេត្តកណ្ដាល ប្រចាំ២០២១

110

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលបាន អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន ដើម្បីអាចឈ្នះជម្ងឺដម្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា «កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ» ។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តកណ្តាលនាល្ងាចថ្ងៃទី១០ធ្នូ។
លោកអភិបាលខេត្ត បានឱ្យថា បន្ទាប់ពីយើងបិទការប្រមូលផ្ដុំគ្នាមួយរយៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កន្លងទៅ ថ្ងៃនេះយើងបាន រៀបចំការប្រកួតឡើងវិញក្នុងសកម្មភាពប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ពាក់ម៉ាស់ ការពិនិត្យកំដៅ ការលាងសម្អាតដៃនឹងអាល់កុលបានត្រឹមត្រូវ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការបានចាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ធ្វើឱ្យដំណើរការប្រកួតមានសុវត្ថិភាពទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នាពេលនេះ។

លោកបន្ដថា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្នើរាល់ការរៀបចំការប្រកួតកីឡាត្រូវស្ថិតក្នុងសកម្មភាព ប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការលាង សម្អាតដៃនឹងអាល់កុលឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖“ ៣ការពារ និង ៣កុំ”។

លោក ចេង សំអុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមាន៥ផ្នែក មានផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ ផ្នែកកីឡាបាល់បោះ ផ្នែកកីឡាអត្តពលកម្ម និងផ្នែកកីឡាទាញព្រ័ត្រ មានកីឡាករ កីឡាការិនី សរុបចំនួន៧៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង