ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកទឹកចិត្តឲ្យស្ត្រី ចូលរួមក្នុងកីឡា ឲ្យបានច្រើនដូចបុរស

75

ភ្នំពេញ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា ដោយមានការចូលរួមពីសំណាក់ សិស្សានុសិស្សជានារីជាច្រើននាក់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាការវគ្គសិក្សាជាប្រចាំមួយ ដើម្បីលើកទឹកចិត្តដល់ ចលនាស្ត្រីក្នុងកីឡាឲ្យបានច្រើន ជាពិសេសគឺការផ្ទេរចំណេះដឹងទាក់ទង នឹងបំណិនជីវិតឲ្យស្ត្រីឲ្យមាន ភាពក្លាហាន និងចូលរួមក្នុងកីឡា ដោយស្ត្រីគឺជាផ្នែកសំខាន់មិនអាច ខ្វះបានដូចបុរសដែរ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)បានជំរុញឲ្យគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសនីមួយៗជុំវិញពិភពលោក ធ្វើឲ្យមានសមភាពស្ត្រីដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិ បំផុសឲ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡាត្រូវបានបង្កើនឲ្យបាន ៣០ភាគរយ ចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែការចូលរួមរបស់ស្រ្តី នៅក្នុងកីឡា គឺត្រូវបានបំផុសឲ្យចូលរួមមាន ចំនួនដូចគ្នានឹងបុរសដែរ។
ដោយសារតែ ការបើកទូលាយដល់ស្ត្រីក្នុង ការចូលរួមក្នុងកីឡាកាន់តែទូលំទូលាយ និងសារៈសំខាន់របស់ស្ត្រី ក្នុងកីឡានោះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀបចំការបញ្រ្ជាបផ្សព្វផ្សាយ ចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឲ្យពួគគាត់បានស្វែងយល់ ពីសិទ្ធិក្នុងការចូលរួមកីឡា។
ការលើកទឹកចិត្តដល់ស្ត្រីឲ្យយល់ដឹង និងកសាងជីវិតរបស់ពួកគាត់ ឲ្យមានគុណភាពតាមរយៈវិស័យកីឡា តាមរយៈការពង្រឹងចិត្តសាស្ត្រកីឡា ដើម្បីជួយជំរុញឲ្យស្ត្រីមានភាពក្លាហាន ក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់។ នេះការបញ្ចាក់បន្ថែមឯកឧត្តមអគ្គលេខាធិការ។

ក្នុងកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡានេះ ក៏យើងបានផ្ញើសារអំពីដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡានពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជូនដល់ពួកគាត់ ដើម្បីឲ្យសិស្សានុសិស្សបានចូល រួមគាំទ្រដល់ព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រជាលើកដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជាដោយ យើងបានលើកទឹកចិត្តឲ្យពួកគាត់ ចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដែលព្រឹត្តិការណ៍នេះត្រូវការ អ្នកស្ម័គ្រចិត្តជិត១ម៉ឺននាក់ ដែលអ្នកស្ម័គ្រចិត្តចេញពីសិស្ស-និស្សិតនេះហើយ។
ដើម្បីស្រួបទាញកម្លាំងយុវជន សិស្ស-និស្សិតចូលរួមគាំទ្រដល់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កាន់តែអស្ចារ្យទៀតនោះ យើងនឹងអាចស្នើសុំរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្យាវិស្សមកាល នៃការសិក្សា ចន្លោះការប្រកួតស៊ីហ្គេម ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីស្រួបយកការគាំទ្របន្ថែម ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

ការផ្តល់ឱកាសឲ្យយុវជន សិស្ស-និស្សិតបានទទួលយក នូវបទពិសោធនៃការទទួលបដិសណ្ឋាកិច្ច គាំទ្រដល់ការរៀបចំ ការប្រកួត មើលឃើញពីការរីកចម្រើន របស់កីឡា ដើម្បីទុកជាប្រយោជន៍ដល់ ការសិក្សារបស់ពួកគាត់ផងដែរ។ ការអប់រំកាយ និងកីឡា គឺជាសមាសភាពមួយដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការអប់រំ ដោយការអប់រំរាងកាយ គឺកើតចេញជាបញ្ញា បើកាលកើតជាបញ្ញា គឺវាបានផ្តល់ប្រយោជន៍ដល់ សិក្សារៀនសូត្ររបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង