ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«អ្នកចម្បាំង» បទចម្រៀងប្រវត្តិសាស្ត្រ សម្រាប់ស៊ីហ្គេម ២០២៣

247

 

ភ្នំពេញ៖បទចម្រៀងនិងសម្តែង«អ្នកចម្បាំង»គឺជាបទចម្រៀងប្រវត្តិសាស្ត្រ សម្រាប់គុនល្បុក្កតោដែលបាន កើតចេញពីកិច្ច សហការរវាងផលិតកម្មរាម និងសហព័ន្ធគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៃពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ការរាប់ថយក្រោយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយឆ្ពោះស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះជាសមិទ្ធផលថ្មីមួយ របស់វិស័យកីឡាគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញពី ការសម្តែងដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ សម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថា គោលបំណងនៃការផលិតនេះ គឺស្របទៅគោលបំណង នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយ វិស័យកីឡាគ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ SEA Games 2023។

បទ «អ្នកចម្បាំង» បានច្របាច់បញ្ចូលគ្នា រវាងសិល្បៈសម័យ និងបុរាណ ហើយបានរំលេចចេញ នូវទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុន មកដោយមាន ជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ព សម័យអង្គរនិងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃ ដល់បុព្វបុរស ទំនៀមទម្លាប់ ប្រពៃណីអ្នកហាត់គុន ជំនឿសាសនា និងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតី ជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតក ដ៏វិសេសវិសាលមួយនេះ។

បទចម្រៀងនេះនឹងផ្តល់ជូន ដល់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC)ឆាប់ៗខាងមុខនេះ។
«តាមរយៈបទអ្នកចម្បាំងនេះយើងរំពឹងថា នឹងអាចជំរុញទឹកចិត្តឬកៀរគរមហាជន និងយុវជនឲ្យចូលរួម ក្នុងចលនាគាំទ្រគុនល្បុក្កតោ ដើម្បីឲ្យមរតកដូនតាមួយនេះ ពេញនិយមនៅក្នុងស្រុក និងសាយភាយទៅក្រៅ ប្រទេសឲ្យស័ក្តិសម ជាមរតករបស់មហានគរ ជាពិសេសគឺដំណើរឆ្ពោះទៅ ទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង» ៕

អត្ថបទដែលជាប់ទាក់ទង