ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃដណ្ដើម បានមេដាយច្រើនជាងគេ នៃការប្រកួតតេក្វាន់ដូ WTជើងឯកថ្នាក់ជាតិ ២០២១

279

ភ្នំពេញ៖ការប្រកួតកីឡាតេក្វាន់ដូ WT (World Taekwondo)ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម បានឈានដល់ថ្ងៃបញ្ចប់ នៅល្ងាចថ្ងៃអង្គារ៍ទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយក្លិបក្រសួងមហាផ្ទៃ ឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស ៤គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។

ក្លិបពិភពថ្មី ឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះមេដាយមាស ២ គ្រឿងមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ឈរនៅចំណាត់ថ្នាក់លេខលេខ៣ ក្លិបសាមគ្គី ដែលប្រជែងបាន មេដាយមាសចំនួន ២គ្រឿង និងមេដាយប្រាក់ចំនួន១គ្រឿង ចំណែក៧ក្លិបផ្សេងទៀតដែល ចូលរួមដែរនោះដណ្តើមបាន មេដាយមាស១គ្រឿងដូចៗគ្នា។ ដោយឡែកបណ្តាក្លិបចំនួន១៣ផ្សេងទៀត មិនដណ្តើមបានមេដាយមាស ប៉ុន្តែមានខ្លះដណ្តើមបានមេដាយប្រាក់ និងខ្លះទៀតទទួលបានមេដាយសំរឹទ្ធប៉ុណ្ណោះ ។
លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ WT គូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះមានក្រុមកីឡាករ-កីឡាការិនី គណៈប្រតិភូ និងគ្រូបង្វឹកចំនួន១២៣នាក់ (កីឡាករ ៥៤នាក់ និងកីឡាការិនី ៤២នាក់) មកពី២៧ក្លិបទូទៅប្រទេស ក្នុងនោះមកពីខេត្តសៀបរាម បាត់ដំបង កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញ។

ការប្រកួតនេះមានមាន១៧វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ ក្នុងនោះផ្នែកបុរស ៥វិញ្ញាសា និងផ្នែកនារី ៣វិញ្ញាសា ខណៈវិញ្ញាសាសម្តែងមេគុន សរុបចំនួន៧ ក្នុងនោះ កុមារានិងកុមារី ១២-១៤ឆ្នាំ មាន២វិញ្ញាសា, បុរស-នារី ១៥-១៧ឆ្នាំ មាន ២វិញ្ញាសា និងបុរស-នារី និងជាគូ អាយុ១៨ឆ្នាំឡើង មាន ៣វិញ្ញាសា។
ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះអាចដំណើរការ ទៅបានដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ ទាន់ពេលវេលា។ តាមរយៈការប្រកួតបច្ចេកទេសកម្រិតខ្ពស់ប្រចាំឆ្នាំនេះ ជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីដណ្តើមជ័យលាភីរៀងៗខ្លួន ក្នុងគោលដៅឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំការប្រកួតនេះ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព- សុខភាពដល់អ្នកចូលរួម ជាពិសេសគឺការប្រកួតគោរព នូវបទបញ្ជាប្រកួត បានល្អប្រសើរ។

លោកអនុប្រធានបានចាត់ទុកថា ការប្រកួតនេះ គឺដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសចូល ក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង