ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ២គ្រឿង ពីការប្រកួតជើងឯកអាស៊ី លើកទី១៧ នៅកាហ្សាក់ស្ថាន

263

ភ្នំពេញ៖យប់ថ្ងៃទី២៤ ខែធ្នូ ប្រតិភូ និងកីឡាករ កីឡាការិនី កីឡាការ៉ាតេជមរើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ (The 17th Asian Karate Championship Seniors 2021) នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអញ្ជើញទៅទទួលស្វាគមន៍ ចំពោះការវិលត្រឡប់នេះ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ .

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា បេសកកម្មរបស់កីឡាការ៉ាតេកម្ពុជា ពេលនេះ គឺទទួលបានជោគជ័យ ២គឺ ទី១៖ការដណ្ដើមបានមេដាយ សំរឹទ្ធ២គ្រឿង ក្នុងកម្រិតជើងឯកអាស៊ី ហើយជាលើកដំបូង ដែលមានកីឡាការិនីម្នាក់ ដណ្ដើមបានមេដាយលើវិញ្ញាសា លើសអាយុ ១៨ឆ្នាំ ។ ទី២៖អាជ្ញាកណ្ដាលកីឡាការ៉ាតេកម្ពុជា ៥រូប ក្នុងចំណោម ៦រូប បានប្រឡងជាប់ អាជ្ញាកណ្ដាលអន្ដរជាតិ ។
ឯកឧត្តមបន្តថា បន្ដថា ទាំងពីរនេះ គឺដើរទន្ទឹមគ្នា ទាំងអាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី ដែលយើងផ្ដោត ការយកចិត្តទុកដាក់ ក្រោមការដឹកនាំ និងអនុសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធ បានជំរុញការធ្វើវិក្រិតកម្មបច្ចេកទេសកីឡាការ៉ាតេនេះ ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្ដានុពល ក្នុងតំបន់អាស៊ាន និងអាស៊ី ក៏ដូចជារហូតដល់ស៊ីហ្គេម និងក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ។
នេះជាលើកដំបូងហើយ ដែលកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក និងអាជ្ញាកណ្ដាលទ្រង់ទ្រាយធំរហូតជាង ២០នាក់ចូលរួម ព្រឹត្តិការណ៍ខាងលើ និងទទួលបានការកោតសរសើរ ក៏ដូចជាមានការវាយតម្លៃខ្ពស់ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី ។
ការបញ្ជូនប្រតិភូ អាជ្ញាកណ្ដាល និងអត្តពលិកច្រើននេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣ រួមមាន៖

១៖ការវាស់ស្ទង់កម្រិតសមត្ថភាព និងភាពរីកចម្រើន របស់កីឡាករ-កីឡាការិនី ក្រោយហ្វឹកហាត់ជាមួយ គ្រូបង្វឹកបរទេសកម្រិតខ្ពស់ ២រូប (លោក Hassan គ្រូបង្វឹកកម្រិតខ្សែក្រវាត់ ៨ដាន់គ្រូផ្នែកប្រយុទ្ធ មកពីប្រទេសអ៊ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកផ្នែកមេគុន ( KATAមកពីជប៉ុន) ក្នុងការប្រកួតជើងឯកអាស៊ីនេះ ។
ទី២៖ការបង្ហាញនូវសក្ដានុពលថ្ មីនិងរបតថ្មីរបស់កីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធ រួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានជំរុញឲ្យវិស័យកីឡានេះ ស្មើមុខមាត់លើឆាកអន្ដរជាតិ ពិសេសការបញ្ជូនអត្តពលិក ចូលរួមដ៏ច្រើន ដែលពុំធ្លាប់មានពីមុនមក ។
៣៖ការបញ្ជូនអាជ្ញាកណ្ដាល ចូលរួមប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិ ដែលបែងចែកជា២ក្នុងនោះ ការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិកម្រិត A (កម្រិតខ្ពស់) កម្ពុជាបញ្ជូន ទៅប្រឡង ២នាក់ ជាប់ទាំង ២នាក់ និងការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិ កម្រិត B កម្ពុជាបញ្ជូនទៅប្រឡង ៤នាក់ ជាប់ ៣នាក់ ។
នេះគឺជាមោទនភាពថ្មី សម្រាប់វិស័យកីឡាការ៉ាតេកម្ពុជា បន្ទាប់ពីការដាក់ទុនវិនិយោគ ជួលគ្រូបរទេសមកបង្ហាត់ ដែលជាចំណុចដ៏សំខាន់ នៃការប្រែប្រួលគួរឲ្យ ភ្ញាក់ផ្អើលក្នុងការប្រកួតនេះ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកួតនេះមានការប្រែប្រួលមួយ ហើយតែនៅមិនទាន់មាន ការពេញចិត្តនៅឡើយទេ សម្រាប់សហព័ន្ធព្រោះ សហព័ន្ធមានមហិច្ឆតា ឲ្យដល់កម្រិតមេដាយច្រើនជាងនេះ ហើយល្អជាងនេះ ។
អ្វីដែលមានការប្រែប្រួល នៃការប្រកួតលើកនេះ គឺបច្ចេកទេស ទាំងការសម្ដែង និងប្រយុទ្ធ កីឡាករ-កីឡាការិនីរបស់យើង មិនមានប្រៀបចាញ់គេដូចលើកមុនទេ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ហើយយើងមានការប្រកួតប្រជែងល្អគេ ហៅថាខិតមកកៀតកម្រិត
សិទ្ធផលនៃការប្រកួត ។ កាលណាគាត់ខិតជិតដល់ កម្រិតសិទ្ធផលនៃការប្រកួត បើគាត់បន្ដជំរុញអភិវឌ្ឍន៍ គុណផលបន្ដិចទៀត ពួកគាត់នឹងអាចឈាន ទៅរកមេដាយទាំងអស់គ្នាបាន» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 17th Asian Karate Championship Seniors 2021 បានប្រកួតចាប់ពី ថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយមានអត្តពលិក ៤៥ប្រទេសចូលរួម ក្នុងនោះក្រៅពីប្រតិភូ និងអាជ្ញាកណ្ដាល កម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនី ១៥នាក់ចូលរួម ។ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង រួមមានកីឡាការិនី លឹម សុខវិច្ឆិកា ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាយុវនារីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភាដណ្ដើមបានមេដាយសំរិទ្ធ ទម្ងន់ក្រោម៥៥គីឡូក្រាម ។

កម្ពុជាសង្ឃឹមហើយ សង្ឃឹម ថា នឹងខិតខំថែរក្សានូវ ជោគជ័យនេះ ហើយនឹងជំរុញ ទឹកចិត្តពួកគេ បន្ថែម សំខាន់ជាងគេ ការជំរុញទឹកចិត្តបន្ថែម ក្នុងការរក្សានូវតម្លៃរបស់គាត់ ជាអ្នកប្រយុទ្ធខាងវិស័យកីឡាការ៉ាតេ ហើយមិនបោះបង់ នូវការខិតខំរបស់គាត់ ហើយគាត់ឈានដល់នូវ ការជោគជ័យនៅ ស៊ីហ្គេម ឆ្នាំ២០២៣ ។ លទ្ធផលពេលនេះ គឺជាសញ្ញាមួយល្អ សម្រាប់ឆ្នាំ២០២៣ នៃវិស័យកីឡាការ៉ាតេកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង