ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហុកគី ធ្វើតេស្ដក្រុម ជម្រើសជាតិនារី មុនដំណាច់ឆ្នាំ

58

ភ្នំពេញ៖ ថ្មីៗនេះសហព័ន្ធកីឡាហុកគីកម្ពុជា បានប្រកួតធ្វើតេស្ដ គុណភាពបច្ចេកទេស ក្រុមកីឡាការិនីជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីស្វែងរកកីឡាការិនី ប្រកបដោយបច្ចេកទេសល្អៗ ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ឆ្នាំ២០២២។
លោកកាំង សុធាអគ្គលេខាធិការ សហព័ន្ធកីឡាហុកគី បញ្ជាក់ ថា នេះជាទម្លាប់របស់ សហព័ន្ធដែលតែងតែ ធ្វើតេស្ដរៀងរាល់ឆ្នាំ ដោយគោរពតាម បទដ្ឋានបច្ចេកទេស របស់កីឡាហុកគី តាមរយៈការប្រកួត រវាងក្រុមកីឡាការិនីជម្រើសជាតិ និងកីឡាការិនីមួយចំនួន ដែលសហព័ន្ធបាន ជ្រើសរើស មកពីបណ្ដាក្លិបនានា។
ការប្រកួតធ្វើតេស្ដនេះ គឺដើម្បីប្រកួតប្រជែងគ្នា និងសម្រិតសម្រាំង រកកីឡាការិនីដែលមាន សិទ្ធផលល្អៗនោះ សហព័ន្ធនឹងបន្ដរក្សាទុក សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ក្រុមជម្រើសជាតិ ឆ្នាំ២០២២ តែបើកីឡាការិនីណា ដែលធ្លាក់ចុះគុណភាពបច្ចេកទេស សហព័ន្ធនឹងផ្លាស់ប្ដូរ ស្របតាមនិយាម បច្ចេកទេសរបស់កីឡាហុកគី។
សម្រាប់កីឡាការិនីដែលមិន បានជាប់ឈ្មោះប្រមូលផ្ដុំ ជម្រើសជាតិឆ្នាំ២០២២នោះ សហព័ន្ធបានលើកទឹកចិត្ត ឲ្យប្រឹងប្រែងបន្តការហ្វឹកហាត់ ឲ្យបានល្អប្រសើរឡើងវិញ ក្នុងគោលដៅបន្ថែម ឲ្យបាននូវកម្រិតសមត្ថភាព បច្ចេកទេសនិងគុណផលរបស់ខ្លួន ក្នុងការចូលរួមប្រកួតប្រជែង នាឆ្នាំបន្ទាប់។
តាមពិតទៅសហព័ន្ធមានទាំង ក្រុមកីឡាករកីឡាការិនី ប៉ុន្តែដោយសារក្រសួងអប់រំយុវជន និងកីឡាផ្ដល់ការឧបត្ថម្ភ សម្រាប់តែក្រុមកីឡាការិនី ជម្រើសជាតិ ដែលមាន១១នាក់ និងគ្រូបង្វឹក ២នាក់ប៉ុណ្ណោះ។

ដោយឡែក គណៈកម្មាធិការធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្ដល់គ្រូបង្វឹក បរទេសកម្រិតខ្ពស់មួយរូប ដើម្បីជំរុញឲ្យការហ្វឹកហាត់នេះ កាន់តែប្រកបដោយ គុណភាពខ្ពស់ក្នុង ប្រយោជន៍គោលដៅ ត្រៀមឆ្ពោះទៅទទួល រៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង