ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹកនាំពិនិត្យលើរបាយការណ៍ បូកសរុបឆ្នាំ២០២១ និងទិសដៅបន្ត ឆ្នាំ២០២២

79

ដឹកនាំពិនិត្យលើរបាយការណ៍ បូកសរុបឆ្នាំ២០២១ និងទិសដៅបន្ត ឆ្នាំ២០២២
ភ្នំពេញ៖ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣( CAMSOC) បានថ្លែងថា ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំបន្ថែមជូនដល់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ទៅលើការរៀបចំទីលានប្រកួត ការត្រៀមលើការហូបចុក-ស្នាក់នៅ ការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ និងភូមិកីឡាជាដើម។
ជាមួយគ្នានោះ គណៈអចិន្ត្រៃយ៍ CAMSOC កំពុងស្នើសុំគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដមន្ត្រី រដ្ឋមន្ត្រក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីរៀបចំសិក្ខាសាលាមួយ ស្តីពីអភិបាលកិច្ចល្អ ដើម្បីគោលដៅជំរុញឲ្យការត្រៀមលក្ខណៈសម្បត្តិត្រៀមធ្វើម្ចាស់ផ្ទះប្រវត្តិសាស្ត្រនេះមានភាពគ្រប់ជ្រុងជ្រោយ និងកាន់តែរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យរៀបចំរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២ ព្រមទាំងត្រៀមរៀបចំធ្វើសិក្ខាសាលាស្តីពីអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សិក្ខាសាលាស្តីពីអភិបាលកិច្ចល្អនេះនឹងធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ក្នុងការងារប្រកបដោយទទួលខុសត្រូវខ្ពស់។សិក្ខាលាលានឹងរៀបចំចងក្រងនូវក្រមសីលធម៌ដាក់ជូនដល់គណៈកម្មការជំនាញទាំងអស់ក្រោមឱវាទ CAMSOC រួមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការអនុវត្តផែនការមេ ស៊ីហ្គេម ឆ្នាំ២០២៣ឲ្យសម្រេចជោគជ័យ។
ឆ្នាំ២០២២គឺជាដំណាក់កាលរៀបចំអនុវត្តដំណើរការស៊ីហ្គេមឆ្នាំ២០២៣និងឲ្យគ្រប់ដំណើរការទាំងអស់បានឆ្ពោះទៅព្រមគ្នាប្រកបដោយភាពស្វាហាប់ច្បាស់លាស់។

នៅខែកុម្ភៈឆ្នាំ២០២២ឯកឧត្តមបណ្ឌិតថោងខុនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នឹងដឹកនាំកិច្ចប្រជុំសមាជិកអាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេស ដើម្បីកំណត់បង្ហាញវិញ្ញាសា និងប្រភេទកីឡាឲ្យបានរួចរាល់ទាំងអស់។
ឯកឧត្តមវ៉ាត់ចំរើនបន្ថថាយើងបានធ្វើកិច្ចការទាំងអស់នេះជាជំហានៗហើយបានយកគោលការណ៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសបើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានដាក់ចេញនូវសារៈសំខាន់ៗនោះយកមកអនុវត្តសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលជាឆ្នាំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែម្តង។
ហេតុនេះប្រតិទិនការងារសំខាន់ៗរបស់សម្តេចពិជ័យសេនាគឺជាត្រីវិស័យតម្រង់ទិសឆ្ពោះទៅរកប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀត។ អ្វីដែលសំខាន់ ក្រៅពីការប្រកួតប្រជែងមេដាយគឺថ្នាក់ដឹនាំជំរុញឲ្យយើងទាំងអស់គ្នាធ្វើយ៉ាងណាឲ្យការទទួលបដិសណ្ឋាកិច្ចភ្ញៀវ អត្តពលិកអន្តរជាតិប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូ ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនេះ៕

អត្ថបទដែលជាប់ទាក់ទង