ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីចំនួន១១២នាក់ ចូលរួមការប្រកួតហែលទឹក ជើងឯកកីឡាថ្នាក់ជាតិឆ្នាំ២០២១ នៅខេត្តបាត់ដំបង

70

ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកជើងឯកជាតិឆ្នាំ២០២១ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី៨ដល់ថ្ងៃទី១០មករាឆ្នាំ២០២២នាមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងដើម្បីជាការអបអរនៃការសម្ភោធន៍មណ្ឌលកីឡាហែលទឹកនោះផងមានកីឡាករ កីឡាការិនីចំនួន១១២នាក់មក

ចូលរួមប្រកួត ។

នៅថ្ងៃទី៦ខែមករាឆ្នាំ២០២២សហព័ន្ធខ្មែរកីឡាហែលទឹកបើកកិច្ចប្រជុំគណៈកម្មការបច្ចេកទេសត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបងក្នុងខេត្តបាត់ដំបង។

លោកហែមគីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះយើងធ្វើឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបងដើម្បីផ្សព្វផ្សាយឲ្យប្រជាជននិងសិស្សានុសិស្សខេត្តបាត់ដំបងបានជ្រាប់ពីប្រភេទកីឡាហែលទឹកនិងបង្កើធនធានមនុស្សសម្រាប់ខេត្តមួយនេះ។
ព្រឹត្តិការណ៍ប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួង មហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

លោកបានបន្តថាដោយមានការសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹកនិងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាក្នុងនោះយសហព័ន្ធក៏ធ្វើការប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ២០២២ដើម្បីជ្រើសរើសពួកគាត់ចូលរួមជាមួយក្រុមជម្រើសជាតិ២០២២ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នៅក្នុងមណ្ឌលហែលទឹកថ្មីនេះដើម្បីជាការតេស្តិ៍សាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួចសម្រាប់ការប្រកួតផងនិងសម្រាប់ការហ្វឹកហាត់ផង។អាងហែលទឹកខេត្តបាត់ដំបងនេះបានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាមេរិកអាចរៀបចំការប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។

លោកបានបន្ថែមទៀតថាទន្ទឹមនេះមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើងស្របតាមផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិវឌ្ឍន៍និងបណ្ដុះបណ្ដាលកីឡាករកីឡាការិនីឈុតធំនិងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ទៀតផង ។

ឆ្នាំនេះសហព័ន្ធដាក់វិញ្ញាសា៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើងមាន១២វិញ្ញាសា ផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសា មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្ររបៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10 ៕
ដោយ៖រ៉ូហ្សា

អត្ថបទដែលជាប់ទាក់ទង