ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូណេស៊ីទទួល ធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ជំនួស វៀតណាម

326

ភ្នំពេញ៖ប្រទេសវៀតណាមដែលពន្យារការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ពីឆ្នាំ២០២១ដល់ពាក់កណ្ដាលឆ្នាំ២០២២នោះបានលុបចោលការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ដោយសារតែវិបត្តិកូវីដ១៩ ។

តាមទម្លាប់ប្រទេសណាដែលទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមត្រូវតែទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការដែលគេហៅថា
អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) តែសម្រាប់វៀតណាមបែរជាលុបចោលទៅវិញ ។
ទោះជាយ៉ាងណាក៏ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ានបានបោះឆ្នោតគាំទ្រប្រទេសឥណ្ឌូណេស៊ីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ជំនួសប្រទេសវៀតណាម ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២២ដែលបានបង្ហាញពីកិច្ចប្រជុំបន្ទាន់មួយដែលចូលរួមពីតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកក្នុងតំបន់បានពិភាក្សាអំពីការដេញថ្លៃរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះជំនួសនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីការលុបចោលដោយម្ចាស់ផ្ទះដើម គឺវៀតណាម កាលពីឆ្នាំមុន។

ប្រទេសឥណ្ឌូណេស៊ីបានស្នើការប្រកួតនេះចាប់ពីថ្ងៃទី២០ដល់៣១ខែកក្កដាឆ្នាំ២០២២លើ១៣ប្រភេទកីឡានៅទីកន្លែងផ្សេងៗជុំវិញទីក្រុង Solo។ ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីលោកSenny Marbun រីករាយ ចំពោះទំនុកចិត្តពីបណ្តាលប្រទេសអាស៊ាន។

លោក បានលើកឡើងថា ឥណ្ឌូណេស៊ីបានរៀបចំការប្រកួតកីឡាប៉ារ៉ាហ្គេមធំៗ ចំនួនពីរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺASEAN Para Games លើកទី៦ នៅទីក្រុង Solo ឆ្នាំ២០១១ និង Asian Para Games ឆ្នាំ២០១៨ នៅទីក្រុង Jakarta នោះ ដោយលោកបានធានាថា រាល់សម្ភារបរិក្ខារ លក្ខខណ្ឌបច្ចេកទេស សម្រាប់ASEAN Para Games លើកទី១១ ត្រូវបានត្រៀមរួចរាល់។
ឯកឧត្តមយី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡា
ជនពិការអាស៊ានទុកពេលឲ្យឥណ្ឌូណេស៊ី បង្ហាញឯកសារពាក់ព័ន្ធមួយចំនួន និងទុកពេល១ខែសម្រាប់ការដេញថ្លៃដើម្បី ទទួលបានសិទ្ធិផ្លូវការក្នុងការទទួលរៀបចំ ធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះ។

កិច្ចប្រជុំស្តីពីការរៀបចំការប្រកួតនេះគឺដើម្បីរៀបចំការប្រកួតកីឡាជនពិការអាស៊ាននេះឡើងវិញបន្ទាប់ពីម្ចាស់ផ្ទះចំនួនពីរបានលុបចោល២លើក (រយៈពេល៤ឆ្នាំ) គឺម្ចាស់ផ្ទះ ហ្វីលីពីន លុបចោល កាលពីឆ្នាំ២០១៩ និងម្ចាស់ផ្ទះ វៀតណាម សម្រេចលុបចោលមិនរៀបចំ នាឆ្នាំ២០២២នេះទេ ដោយធ្វើម្ចាស់ផ្ទះតែ ស៊ីហ្គេមប៉ុណ្ណោះ។ ការលុបចោលចំនួន២ព្រឹត្តិការណ៍នេះ គឺជាក្តីបារម្ភរបស់អាស៊ាន ដែលអត្តពលិកពិការរួមទាំងគណៈកម្មការបច្ចេកទេសមិនបានដុះខាត់សមត្ថភាពជំនាញរបស់ខ្លួនព្រមទាំងបបង្កនូវផលមិនល្អដល់គុណភាពបច្ចេកទេសរបស់អត្តពលិក ក្នុងតំបន់។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថាប្រសិនបើការប្រកួតកីឡាជនពិការអាស៊ានលើកទី១១នេះអាចដំណើរបាននោះការបញ្ជូនអត្តពលិកពិការកម្ពុជាក៏នឹងអាចចូលរួមប្រកួតប្រជែង ក្នុងការកសាងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២នាឆ្នាំ២០២៣បានកាន់តែល្អប្រសើរផងដែរ។

បច្ចុប្បន្នកីឡាករ កីឡាការិនីពិការកម្ពុជាកំពុង ហ្វឹកហាត់បិទខ្ទប់បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះមានការប្រកួតអន្តរជាតិកាន់តែច្រើន នោះការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក៏មានឱកាសកាន់តែច្រើន ក្នុងការប្រជែងមេដាយ ព្រមទាំងផ្តល់ពិសោធន៍កាន់តែច្រើន សម្រាប់មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេសពិការផងដែរ។ ដូច្នេះវាពិតជាសំខាន់ណាស់ ដែលកម្ពុជាគាំទ្រពេញទំហឹងឲ្យមាន ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី នេះ ដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។
ចំពោះការឧបត្ថម្ភគាំទ្រសម្រាប់បេសកកម្មអន្តរជាតិ ជាធម្មតាតែងធ្វើសំណើរ ឆ្លងតាមរយៈសម្តេចតេជោ ហ៊ុន សែន ដែលជាធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាដែរដោយឯកឧត្តមជឿជាក់ថាសម្តេចតេជោនឹងផ្តល់ការលើកទឹកចិត្តអនុញ្ញាតឲ្យក្រុមអត្តពលិកពិការកម្ពុជា ចូលរួមប្រកួតប្រជែងមេដាយ និងមន្ត្រីគណៈកម្មការជំនាញនៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏នឹងត្រូវចូលរួមដកពិសោធន៍ នូវរបៀបរបបនៃប្រព័ន្ធប៉ារ៉ាឡាំពិក ដើម្បីជាចំណេះដឹងយកមកអនុវត្ត នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាឲ្យទទួលបានជោគជ័យដូចគ្នាផងដែរ។

ឯកឧត្តមយី វាសនាបន្តថាអ្វីដែលសំខាន់ ការចូលរួមរបស់កម្ពុជា គឺជាលើកទឹកចិត្តមួយ ដល់បណ្តាប្រទេសអាស៊ាន និងបង្ហាញថាកម្ពុជាបានស្វះស្វែង ទាំងការដឹកនាំផង ទាំងការចូលរួមផង ដូច្នេះកម្ពុជានឹងមានឥទ្ធិពលច្រើនដោយយើងរំពឹងថា គេនឹងអាចជួយជ្រោមជ្រែងអស់ពីចិត្តពីបណ្តាប្រទេសនានា ក្នុងអាស៊ាន ពេលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជាបើកចំហរបេះដូង សម្រាប់ការខិតខំចូលរួមមិនខ្លាចការនឿយហត់នេះ ៕

អត្ថបទដែលជាប់ទាក់ទង