ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកក្ដោងបើកវគ្គ បណ្ដុះបណ្ដាល មន្ដ្រីបច្ចេកទេស

43

ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួទូកក្ដោងបានបើកឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៧ដល់១០ខែកុម្ភៈឆ្នាំ២០២២នេះនៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួនត្រៀមរៀបចំការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់(ស្រីម្នាក់)ដោយផ្តោតសំខាន់លើការសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ។ សម្រាប់ទ្រឹស្ដី គ្រូឧទ្ទេសបានបង្ហាញអំពីប្រវត្តិនៃកីឡាទូកក្តោង សម្ភារៈប្រើប្រាស់សំរាប់រៀបចំការប្រកួត ក្បួនខ្នាតនៃទីលានប្រកួតការប្រើប្រាស់សញ្ញាផ្សេងៗនិងបទបញ្ញាត្តិនៃការប្រកួតជាដើម។រីឯការអនុវត្តជាក់ស្ដែងគឺបានអនុវត្តផ្ទាល់ជាមួយការរៀបចំការប្រកួតមួយ និងមានការពន្យល់ផ្ទាល់ពីគ្រូឧទ្ទេសទៀតផង ។

អគ្គលេខាធិការសហព័ន្ធ លោក សោម សុទ្ធរិទ្ធិពង្ស បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើថា ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាក្នុងនោះក៏នឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកដ៏មានប្រជាប្រិយភាពមួយក្នុងតំបន់ និងបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយមានប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិច ០៨ប្រទេសចូលរួមផងដែរ ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសឆ្ពោះទៅរកចំណេះជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ដូច្នេះសហព័ន្ធរំពឹងថា សិក្ខាកាមចូលរួមនឹងទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗដើម្បីកែប្រែនូវចំណុចខ្វះខាតហើយអភិវឌ្ឍន៍ខ្លួនស្របតាមនិយាមអន្ដរជាតិ ដែលអាចរៀបចំការប្រកួតជាលក្ខណៈអន្ដរជាតិបាន ។

ក្រោយពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅតំបន់ឆ្នេរសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានសម្រេចជោគជ័យគួរជាទីមោទន ទាំងការរៀបចំ ការទទួលបដិសណ្ឋារកិច្ច និងទីលានប្រកួតដែលទទួលបានការវាយតម្លៃខ្ពស់ពីអ្នកជំនាញអន្ដរជាតិពិសេសលើសមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជាថាអាចទទួលរៀបចំការប្រកួតកម្រិតអន្ដរជាតិបានទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង