ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងចំណេះដឹងមន្ត្រី អាជ្ញាកណ្តាល-ចៅក្រម អត្តពលកម្មឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣

196

ភ្នំពេញ៖ថ្ងៃទី១ខែមីនាឆ្នាំ២០២២សហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិកម្រិត-១កីឡាអត្តពលកម្មមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សំហេង បុរស ដែលជាប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។
វគ្គនេះឧទ្ទេសនាដោយលោVALSON CUDDIKOTTA ដែលជាគ្រូឧទ្ទេសកម្រិតអាស៊ី។ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍ថាថ្នាក់ដឹកនាំសហព័ន្ធនិងអគ្គនាយកដ្ឋានកីឡាបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យខិតខំក្រេបជញ្ជក់ចំណេះដឹងដើម្បីពង្រឹងសមត្ថភាព សម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
នៅឆ្នាំក្រោយនេះកម្ពុជានឹងរៀបចំSEA GAMESដូច្នេះដើម្បីចូលរួមដឹកនាំគ្រប់គ្រងរៀបចំការប្រកួតក្នុងកម្រិតតំបន់បែបនេះបានលុះ
ត្រាតែយើងទាំងអស់គ្នាខិតខំធ្វើកិច្ចការនេះឲ្យខ្លាំងក្លា ពីព្រោះថា ប្រភេទកីឡាអត្តពលកម្មនេះកម្ពុជាមិនធ្លាប់ធ្វើម្ចាស់ផ្ទះ កម្រិតតំបន់នោះទេ។
ប្រធានសហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្តសង្កត់ធ្ងន់ថា ដើម្បីពង្រឹងឲ្យអាជ្ញាកណ្តាល ចៅក្រមឲ្យមានបទពិសោធន៍កាន់តែច្រើនគឺ យើងត្រូវការចូលរួមការប្រកួតឲ្យបានច្រើននៅក្នុងស្រុកពេលនេះសហព័ន្ធកំពុងស្នើសុំបញ្ជូនមន្ត្រីយើងមួយចំនួនទៅស្រង់បទពិសោធពីក្នុងការប្រកួត កីឡា SEA GAMES លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម មុនឆ្ពោះមក SEA GAMES បន្តវេន លើកទី៣២ នៅកម្ពុជាយើង។
ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គមជាតិ ដោយយើងត្រូវការចំាបាច់នូវធនធានមនុស្ស ចំពោះធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម នៅក្នុងវគ្គនេះ ក៏មានសារសំខាន់ដូចគ្នាផងដែរ ដើម្បីអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះ។ដូច្នេះមន្ត្រីអាជ្ញាកណ្តាលចៅក្រមទាំងអស់មានតួនាទីសំខាន់ណាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនេះ»។
ប្រកុខអាជ្ញាធរកីឡាបានលើកឡើងទៀតថា ក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅចម្បងៗមួយចំនួនដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្សទាំងមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីស្វែងរកធនធានមនុស្សឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពខ្ពស់ៗ។
ពាក់ព័ន្ធនឹងការប្រកួតពីមុនអង្គភាពជំនាញក្រោមចំណុះក្រសួងអប់រំយុវជននិងកីឡាជាអ្នករៀបចំប៉ុន្តែដើម្បីសម្រួចគោលដៅអភិ
វឌ្ឍន៍ឲ្យកាន់តែល្អប្រសើរទើបប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងបានផ្ទេរភារកិច្ចនៃការរៀបចំការប្រកួតនេះជូនទៅសហព័ន្ធកីឡាជាតិនានាជា
អ្នករៀបចំដោយខ្លួនឯង។
ចំពោះកំណែទម្រង់សំខាន់មួយទៀតគឺការពង្រឹងគុណភាពសហព័ន្ធកីឡាជាតិក្រសួងក៏បានផ្តល់ជូនកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំនី
មួយៗទៅដល់សហព័ន្ធសាម៉ី ដើម្បីដំណើរការអភិវឌ្ឍឲ្យមានភាពរឹងមាំដោយខ្លួនឯង។
សូមបញ្ជាក់ថានេះជាវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអត្តពលកម្មអន្តរជាតិកម្រិត១ដែលនឹងដំណើរការរយៈពេល៥ថ្ងៃពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន២៥នាក់ ក្រោមការបង្ហាត់បង្រៀនពីលោក VALSON CUDDIKOTTA ជាគ្រូឧទ្ទេសកម្រិតអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង