ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសដំបូងគេ ដែលប្រកាសពីចំនួន អត្តពលិកចូលរួម ស៊ីហ្គេមនៅវៀតណាម

55

ភ្នំពេញ៖ ពេលនេះ មានប្រទេសចំនួន២ ហើយរួមមាន ហ្វីលីពីន និងម៉ាឡេស៊ីដែលបាន ប្រកាសពីចំនួនអត្តពលិករបស់ខ្លួន ជាផ្លូវការក្នុងការចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម (The 31st Southeast Asian Games) ។

ពេលនេះម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់ថា មានអត្តពលិកប្រមាណ៧,០៣៧នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីបឋម ពីប្រទេសចំនួន ១១ក្នុងតំបន់ ជាក់ស្តែងវៀតណាមខ្លួនឯងផ្ទាល់ រំពឹងថា នឹងមានអត្តពលិករហូតដល់ ១,១០៤នាក់។ ក្រៅពីនេះ ប្រទេសចំនួន ១០ផ្សេងទៀត មានការចុះឈ្មោះបឋម រួមមាន ប្រ៊ុយណេ (អត្តពលិក ៤១នាក់) កម្ពុជា (អត្តពលិក ៤៩៤នាក់) ឡាវ (៣៦៣នាក់) ឥណ្ឌូណេស៊ី (អត្តពលិក ១,០០១នាក់) ម៉ាឡេស៊ី (អត្តពលិក ៨១៥នាក់) មីយ៉ាន់ម៉ា (អត្តពលិក ៧៥៤នាក់) ហ្វីលីពីន (អត្តពលិក ៦០៣នាក់) ថៃ (អត្តពលិក ១,០៣៦នាក់) ទីម័រខាងកើត (អត្តពលិក ៥៤នាក់) និងសិង្ហបុរី (អត្តពលិក ៧០៦នាក់)។ មកទល់ពេលនេះ មានតែ ២ប្រទេសប៉ុណ្ណោះ ដែលបានប្រកាស ចំនួនអត្តពលិកជាផ្លូវការ។

ហ្វីលីពីនត្រូវបានដឹងថា បានប្រកាសចំនួនអត្តពលិក ជាផ្លូវការមុនគេ។នេះបើតាមការ
បញ្ជាក់នៅលើគេហទំព័រផ្លូវការ របស់គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន ដែលនឹងបញ្ជូនអត្តពលិក ចំនួន ៦៥៦នាក់ លើប្រភេទកីឡាចំនួន៣៩ ក្នុងចំណោម ៤០ប្រភេទកីឡា។ ចំនួននេះគឺមានការថយ ចុះស្ទើរពាក់កណ្ដាលបើធៀប ទៅនឹងស៊ីហ្គេម២០១៩ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅទីក្រុងម៉ានីល ហ្វីលីពីនមានកីឡាករ-កីឡាការិនី ចំនួន ១,១១៥នាក់ចូលរួម និងដណ្តើមបានមេដាយ សរុបចំនួន ៣៨៧គ្រឿង ក្នុងនោះមេដាយមាស ១៤៩គ្រឿង មេដាយប្រាក់ ១១៧គ្រឿង មេដាយសំរឹទ្ធ ១២១គ្រឿង និងឈរនៅកំពូលតារាង ជាប្រទេសរកមេដាយ បានច្រើនជាងគេ។
ដោយឡែកម៉ាឡេស៊ី វិញត្រូវបាន គណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី ប្រកាសថា មានអត្តពលិកចំនួន ៦១២នាក់ចូលរួមស៊ីហ្គេម នៅវៀតណាម លើប្រភេទកីឡាចំនួន៣៧ ក្នុងចំណោម ៤០ប្រភេទកីឡា។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គ្រោងនឹងធ្វើពិធី បើកប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមាន ៤០ប្រភេទកីឡា ដាក់ឲ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា៕

អត្ថបទដែលជាប់ទាក់ទង