ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយបេសកកម្មស៊ីហ្គេមកម្ពុជា ទៅចូលរួមប្រជុំជាមួយនាយបេសកកម្មអាស៊ាន

286

ភ្នំពេញ៖នាយបេសកកម្មស៊ីហ្គេមកម្ពុជាគឺឯកឧត្តមវ៉ាត់ចំរើនកាលពីល្ងាចថ្ងៃទី១៧មីនាបានដឹកនាំប្រតិភូស៊ីហ្គេមរបស់កម្ពុជាទៅចូលរួមប្រជុំជាមួយបណ្ដានាយបេសកកម្មស៊ីហ្គេមនៃបណ្ដាប្រទេសអាស៊ាននៅទីក្រុង

ហាណូយប្រទេសវៀតណាមដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នាខែឧសភាខាងមុខនេះ ។
គណៈប្រតិភូចេញទៅពេលនេះគឺដើម្បីពិនិត្យមើលនិងរៀបចំទុកជាមុននូវកន្លែងហូប
ចុកស្នាក់នៅ ការដឹកជញ្ជូនកីឡាករ កីឡាការិនីរួមជាមួយប្រតិភូ ការធ្វើបដិសណ្ឋារកិច្ច របៀប
របបដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេមក៏ដូចជាការបង្ហាញនូវទីលានប្រកួតចុងក្រោយជាដើម ។
សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១នេះកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីទៅចូល
រួមក្នុងទ្រងទ្រាយធំគឺរហូតដល់ទៅជាង៥០០នាក់ ។

ជាមួយគ្នានេះក៏មានប្រតិភូ១ក្រុមទៀត គឺជាប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ដែលដឹកនាំផ្ទាល់ដោយសម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិតថោង ខុនដើម្បីចូលរួមទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀត
ណាម បន្តវេនឆ្ពោះមកកាន់ស៊ីហ្គេម ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃពិធីបិទការប្រកួតស៊ីហ្គេមជាផ្លូវការនៃស៊ីហ្គេមវៀតណាម។ នៅក្នុងពិធីបិទនេះ ក៏មានការសម្តែងពីក្រុមសិល្បៈវប្បធម៌កម្ពុជា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងអត្តពលិកអាស៊ីអាគ្នេយ៍ ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា។

ដូច្នេះបេសកកម្មនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមកិច្ចប្រជុំផង និងធ្វើការសង្កេតពិនិត្យដកស្រង់បទពិសោធន៍នៃរបៀបគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មកច្នៃប្រឌិតបន្ថែម និងអនុវត្តនៅស៊ីហ្គេមឆ្នាំ២០២៣របស់យើងឲ្យទទួលបានជោគជ័យ។
ឯកឧត្តមវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ផងនោះបានចាត់ទុកថានេះជា
បេសកកម្មដ៏សំខាន់មួយដែលសម្ដេចពិជ័យសេនាទៀ បាញ់ក៏ដូចជាឯកឧត្តមថោង ខុនបាន
ដាក់ទឹសដៅឲ្យក្រុមនាយបេសកកម្មនេះធ្វើជាក្រុមពិសេសមួយដែលអាចរៀបចំល្អក្នុងការដកយកបទពិសោធន៍ពីស៊ីហ្គេមនៅវៀតណាមមកធ្វើជាគំរូដើម្បីកែឆ្នៃរៀបចំស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នៅកម្ពុជាឲ្យបានល្អ ។

ឯកឧត្តមវ៉ាត់ចំរើនបានថ្លែងថាកិច្ចប្រជុំលើកនេះក៏ផ្ដោតជាសំខាន់លើបញ្ជីឈ្មោះចុងក្រោយរបស់ប្រតិភូកីឡាករ កីឡាការិនីកម្ពុជាជាង៥០០នាក់ដើម្បីប្រគល់ឲ្យគណៈកម្មការ
ស៊ីហ្គេមវៀតណាមទៀតផង។
កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាងCAMSOCជាមួយ
គណៈកម្មការស៊ីហ្គេមវៀតណាមដើម្បីសហប្រតិបត្តការរវាងគណៈកម្មកាស៊ីហ្គេមវៀតណាមនិងកម្ពុជាថាតើវៀតណាមអាចជួយលើផ្នែកអ្វីខ្លះដូចជាការបណ្ដុះបណ្ដាលពីបច្ចេកវិទ្យាហ្គេម
និងបទពិសោធន៍អ្វីខ្លះដល់កម្ពុជា ។
ឯកឧត្តមវ៉ាត់ ចំរើនបន្ថែមថាកម្ពុជាដែលត្រៀមបញ្ជូនអត្តពលិកចំនួនជាង៥០០នាក់លើ
៣៣ប្រភេទកីឡាទៅចូលរួមនេះមិនទាន់ពិតប្រាកដនៅឡើយទេគឺអាចនៅមានដកខ្លះចេញ
បន្ទាប់ពីពិនិត្យលើគុណផលរបស់អត្តពលិកតើថយក្រោយឬនៅទ្រឹងមិនរីកចម្រើននោះ ៕

អត្ថបទដែលជាប់ទាក់ទង