ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន៣០០នាក់ ទទួលបានអំណោយ និងបណ្ណ័ប. ស. ស ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឃួង ស្រេង

215

 

ភ្នំពេញ៖ ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែក្រើនរំលឹកដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម ឃួង ស្រេង បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរបស់ពួកគាត់។

លោកម៉េត មាសភក្តី បានមានប្រសាសន៍អោយដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាតត្រូវជួយពួកគាត់ភ្លាម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម ឃួង ស្រេង
បានចាត់អោយលោក នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេសតូច ,ទឹកស៊ីអ៊ីវឬទឹកត្រី១យូរ, ត្រីខ១យូរ និងប្រេងឆា១ដប។ ជាមួយគ្នានេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានអាវឯកសណ្ឋានចំនួន២កំប្លេនិងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ផងដែរ។

លោកម៉េត មាសភក្តី បន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអ្នកធាក់ស៊ីក្លូទាំងនេះ ដោយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង់ ក្នុង១ដង៧ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអណានិគមនិយមបារាំង៕

អត្ថបទដែលជាប់ទាក់ទង