ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមវេជ្ជបណ្ឌិតសង្កេតឃើញថា សុខភាពរបស់ សម្តេចតជោ មានភាពមាំមួន និងពុំមានសញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ ក្រោយធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ

53

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
មកដល់ពេលនេះ មេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត
បញ្ជាក់ដូចមានភ្ជាប់ជាមួយ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភនិងបានជូនពរដល់រូបខ្ញុំ”។

នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បើតាមលិខិតរបស់ក្រុមវជ្ជបណ្ឌិតថែទាំសុខភាព សម្ដេចតេជោសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវត្ថុ ការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងៈ លក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង កម្រិតស្រាលធ្វើការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ឬនៅតាមផ្ទះ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់បំផុតថា ដោយស្ថានភាពសុខភាពរបស់សម្តេចល្អជាធម្មតា បន្ទាប់ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ និងរហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថានភាពសុខភាពរបស់ សម្តេចតេជោ នៅល្អជាប្រក្រតីពុំមានរោគសញ្ញាណាមួយដែលនាំឱ្យរំខានឡើយ។ បន្ទាប់ពីការដឹកនាំ គណៈប្រតិភូវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សម្ដេចតេជោ បានបន្តដាក់ខ្លួនឱ្យនៅដាច់ ដោយឡែក ដើម្បីធ្វើការតាមដាននិងព្យាបាលជំងឺនៅគេហដ្ឋាន ។ យោងតាមការពិនិត្យសុខភាពប្រចាំថ្ងៃ ដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាសុខភាពរបស់ សម្តេចតជោ មានភាពមាំមួន និងពុំមាន សញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការធ្វើតេស្តរហ័ស និងតេស្ត PCR រកវីរុសកូវីដ-១៩ បានទទួលលទ្ធផលអវិជ្ជមានដូចគ្នា។

លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន បានបញ្ជាក់ថា “ស្របតាមលក្ខណបច្ចេកទេសវេជ្ជសាស្ត្រ និងលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការព្យាបាលនៅតាមផ្ទះ និងការចាក់វ៉ាក់សាំងបានពេញលេញ របស់សម្តេចតេជោ ខ្ញុំបាទក្នុងនាមជាក្រុមវេជ្ជបណ្ឌិតប្រចាំការ ថែទាំសុខភាពជូន សម្តេចតេជោ សូមគោរពធ្វើការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលដែលកើតមាន ចំពោះសម្តេច ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំតម្រូវឱ្យបន្តធ្វើចត្តាឡីស័កក្រោយការ បញ្ចប់ការព្យាបាលឡើយ”៕

អត្ថបទដែលជាប់ទាក់ទង