ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណុចគន្លឹះទាំង៧ចំណុច របស់សម្តេចតេជោ ហ៊ុន ថ្ងៃបិទកីឡាជាតិលើកទី៣

67

ភ្នំពេញ៖ថ្ងៃបិទកីឡាជាតិលើកទី៣នាព្រលប់ថ្ងៃទី៣០សីហាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានផ្ដល់នូវចំណុចគន្លឹះចំនួន៧គឺ៖
ទី១៖ ក្រសួងស្ថាប័ននិងអាជ្ញាធររាជធានីខេត្តដែលមិនទាន់មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡាឬសមាគមកីឡាប្រចាំក្រសួងស្ថាប័នអាជ្ញាធររាជធានីខេត្តរបស់ខ្លួន
ដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់មានតម្លាភាពក្នុងការគ្រប់គ្រងនិងបង្កើនសមត្ថភាពកីឡាករកីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។
ទី២៖ក្រសួងស្ថាប័ននិងអាជ្ញាធររាជធានីខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និងត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករកីឡាការិនីដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឱ្យបានកាន់តែច្រើន។

ទី៣៖គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ
២០២៣ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេចដើម្បីធានាបាននូវជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។
ទី៤៖គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធររាជធានីខេត្តត្រូវពង្រីកកិច្ចសហការឱ្យ
បានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងស្របតាមអភិក្រម«ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។
ទី៥៖ សូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។
ទី៦៖ សូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី «ប្រជាជនម្នាក់ ជាម្ចាស់ផ្ទះម្នាក់»ពិសេសប្រជាជននៅតាមរាជធានីខេត្តដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូមរៀបចំអនាម័យថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួនសំដៅលើកមុខមាត់កម្ពុជានិងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡានិងភ្ញៀវអន្តរជាតិទាំងអស់ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។
ទី៧៖សូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម«មានអ្វីលើសពីការប្រកួតកីឡា»(Beyond the Games)របស់សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីបង្កើនការយល់ដឹង
អំពីបច្ច័យជាវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថាថាកីឡាជាតិលើកទី៣គឺមានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចូល
រួមសរុប ៣,៣៣៦នាក់ មកពី២៥រាជធានី-ខេត្ត និង ៣ក្រសួង ដោយប្រកួតលើ ៣៨ប្រភេទកីឡា ស្មើនឹង ៣៣៤វិញ្ញាសា។
ចំពោះកីឡាជាតិជនពិការ លើកទី១ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២១៣នាក់ មកពី ១៥រាជធានី-ខេត្ត ដែលប្រកួតលើ ៧ប្រភេទកីឡា ស្មើនឹង ៤៥វិញ្ញាសា។
រីឯលទ្ធផលបច្ចេកទេសរុបនៃការប្រកួតកីឡាជាតិ លើកទី៣ សម្រាប់ក្រសួង-ស្ថាប័ន និងរាជធានីខេត្តដណ្ដើមបានមេដាយច្រើនជាងគេរួមមានក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់
លេខ១ ឈ្នះមេដាយមាស ១០៤, ប្រាក់ ៦១ និងសំរឹទ្ធ ៤៩ សរុប ២១៤គ្រឿង។ ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស ៦០ ប្រាក់ ៣៣ និងសំរឹទ្ធ ៣១ សរុប ១២៤គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះមេដាយមាស ២៩, ប្រាក់ ២៤ និងសំរឹទ្ធ ២៤ សរុប ៧៧គ្រឿង។ ខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយមាស ១៧ ប្រាក់ ២៨ និងសំរឹទ្ធ ២៩ សរុប ៧៤ និងខេត្តសៀមរាប ឈរលេខ៥ ឈ្នះមេដាយមាស ១៥ ប្រាក់ ២២ និងសំរឹទ្ធ ២១ សរុប ៥៨គ្រឿង។
ចំណែកកីឡាជាតិជនពិការ លើកទី១ ក្នុងចំណោម ៤៥វិញ្ញាសា គឺខេត្តសៀមរាប ឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស ១៥ ប្រាក់ ៤ និងសំរឹទ្ធ ៩ សរុប ២៨គ្រឿង។ ខេត្តស្វាយរៀង ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ១ សរុប ១៣គ្រឿង។ ខេត្តកំពត ឈរលេខ៣ ឈ្នះមេដាយមាស ៤ និងប្រាក់ ៣ សរុប ៧គ្រឿង។ រាជធានីភ្នំពេញ ឈរលេខ៤ ឈ្នះមេដាយមាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ១០ សរុប ២២គ្រឿង។ ខេត្តកំពង់ស្ពឺ ឈរលេខ៥ ឈ្នះមេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ៣ សរុប ១០គ្រឿង និងខេត្តព្រៃវែង ឈរលេខ៦ ឈ្នះមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង